កណ្ដាល៖ អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងគម្រោងសាងសង់តម្លៃជាង ៤,០៥៣,០០០ដុល្លារ ដែលស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងរយៈពេល ៣ឆ្នាំទៀតនឹងផុសឡើង សម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បាននិមន្តជាព្រះរាជធិបតី ដោយមានការចូលរួមជាអធិបតី ពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្នុងពិធីបញ្ចុះបឋមសិលាកសាង អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ស្ថិតនៅទីតាំងខាងលើ។
នៅក្នុងពិធីខាងលើ លោក គង់ សោភ័ណ្ឌ បានថ្លែងថា អគារសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ដែលកើតចេញពីការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
លោក អភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលានាពេលនេះ គឺជាទីតាំងទី២ ដែលទីតាំងទី១ ស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ហើយសាកលវិទ្យាល័យនេះនឹងក្លាយជាសមិទ្ធផលមួយថ្មីបន្ថែមទៀត ដែលបានករកើតក្នុងទឹកដីស្រុកអង្គស្នួល ខេត្តកណ្តាល នឹងដើរតួនាទីយ៉ាងសំខាន់បម្រើដល់វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោក បានថ្លែងបន្តទៀតថា សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទុកជាប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។
បើតាមពិធីនេះដែរ សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សាងសង់លើផ្ទៃដីទំហំ ១៣,៥៨០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស អ៊ុយ (U) មានបន្ទប់សិក្សាចំនួន ៧២បន្ទប់ បន្ទប់រដ្ឋបាល ១៧បន្ទប់សាលប្រជុំ ២បន្ទប់ ផ្ទុកមនុស្សបានចំនួន ១០២០នាក់ មានអាហារដ្ឋានចំនួន ១កន្លែង ចំណតយានយន្ត ១កន្លែង ចំណាយថវិកាចំនួន ៤,០៥៣,០០០ដុល្លារ ដោយមិនទាន់គិតបញ្ចូល សម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយ។
សម្តេចមង្គលទេពាចារ្យ វង្ស អានេតា បានមានសង្ឃដីកាបន្តថា អគារសាកលវិទ្យាល័យនេះ នឹងសាងសង់រួចរាល់ក្នុងរយៈពេល ៣ឆ្នាំ ប្រសិនបើមានពុទ្ធបរិស័ទ និងសប្បុរសជនចូលរួមបច្ច័យគាំទ្រគ្រប់គ្រាន់។
ក្នុងន័យនេះ សម្តេចមង្គលទេពាចារ្យ បានអំពាវនាវ ដល់សប្បុរសជននានា និងពុទ្ធបរិស័ទទាំងអស់ មេត្តាជួយចូលរួមឧបត្ថម្ភគាំទ្របន្ថែម ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សដល់សមណនិស្សិត និស្សិត កូនខ្មែរ នៅក្នុងខេត្តកណ្តាល និងក្នុងប្រទេសកម្ពុជាទាំងមូល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)