កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញដីកាបដិសេធ និងបានដកហូតដីព្រៃរដ្ឋ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយក វាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ មានផ្ទៃដីសរុប ៧៨៤ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
យោងតាមលិខិតលេខ០៥/២២ ដ.ក ដែលចុះហត្ថលេខាដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ត្រូវបានកំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីតវ៉ា។
នៅក្នុងលិខិតខាងលើបានបន្តថា រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វព្រៃ អនុគណៈកម្មាធិការខេត្ត ក្រុមការងារដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តដីកានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
បើតាម លោក អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា កត្តាសំខាន់ដែលរដ្ឋបាលខេត្តដកហូតយកដីមកវិញនេះ ដោយសារតែ មានជនមិនស្គាល់មុខចូលទៅទន្ទ្រានរានយកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
បើតាមកាសែតខាងលើបានស្រង់សសំដី លោក អភិបាលខេត្តកំពង់ស្ពឺបន្តថា ទោះជាយ៉ាងណា ជាជំហានបន្ទាប់ពីសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តនឹងខិតខំស្រាវជ្រាវសាវតាជនដែលចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនេះ ដើម្បីនាំខ្លួនយកមកឱ្យសងការខូចខាតទៅលើការកាន់កាប់ដីព្រៃឈើនេះ។ លោក វ៉ី សំណាង បានថ្លែងបញ្ជាក់ ៖«នៅពេលរកគាត់ឃើញ យើងឱ្យគាត់ដាំដើមឈើឡើងវិញ ជំនួសឱ្យការខូចខាតទាំងអស់»។
រយៈពេលកន្លងមកនេះ មន្ទីរបរិស្ថានខេត្ត ក៏ដូចជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានដាក់សំណើជាច្រើន ទៅរដ្ឋបាលខេត្ត ដើម្បីចេញដីកាដកហូតដីព្រៃជាបន្តបន្ទាប់ ប៉ុន្តែករណីទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មិនថយចុះនោះទេ។ បើតាមការលើកឡើងរបស់ លោកជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ដែលកាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។
លោកជា ហ៊ាន បានលើកឡើងបន្តថា ការមិនថយចុះនេះ ដោយសារតែ នៅពេលដែលមានការដកហូតរួចហើយ មិនមានឃើញជនអ្នកប្រព្រឹត្តណាមួយ ត្រូវបានទទួលទោសតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៅឡើយទេ។ ដូច្នេះ បានជាជនល្មើសមិនខ្លាច និងមិនរាងចាលក្នុងការលួចចូលទៅទន្ទ្រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់។ ករណីនេះ លោក នឹងបន្តស្នើសុំទៅសាលាដំបូងខេត្តកំពង់ស្ពឺឱ្យចេញដីកាការពារនូវដីព្រៃដែលដកហូតនេះ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងដកហូតដីកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ជាបន្ដបន្ទាប់។ កាលពីខែមីនា និងខែសីហា ឆ្នាំ២០២១ ដី ១១ទីតាំង ទំហំជាង ៥៦០ហិកតា ត្រូវបានដកហូត។
គិតត្រឹមឆ្នាំ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)