ភ្នំពេញ៖ អគារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់ ជាអគារពាណិជ្ជកម្មទំនើបប្រណីត ដែលរួមបញ្ចូលគ្នានូវផ្នែកបដិសណ្ឋារកិច្ច ការិយាល័យធ្វើការ ផ្សារទំនើប និងការកម្សាន្តដ៏សម្បូរបែបនៅក្នុងអគារតែមួយ។ អគារដែលវិនិយោគប្រកបដោយទំនុកចិត្តខ្ពស់បំផុត រហូតដល់ ២៣០លានដុល្លារ បានបញ្ចប់ការសាងសង់ដល់ជាន់កំពូលហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
ជីប ម៉ុង ថៅវើ ដែលមានទីតាំងនៅជិតស្ពានអាកាសសាលាតិចណូ និងបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ ២០១៩ លើផ្ទៃដីទំហំ ១៤ ០៤២ ម៉ែត្រការ៉េ ត្រូវបានរចនាឡើងជាមួយនឹងស្ថាបត្យកម្មដ៏ទំនើបហើយនឹងត្រូវប្រើប្រាស់ជាអគារពាណិជ្ជកម្មចម្រុះ។
បន្ទាប់ពី ៣៦ខែនៃការសាងសង់ឥតឈប់ឈរ ឥឡូវនេះ គ្រោងអគារ ជីប ម៉ុង ថៅវើ បានសម្រេចដល់កំពូលនៅកម្ពស់ ១៨៥ម៉ែត្រ។ នេះគឺជាជំហានមួយដ៏ជោគជ័យរបស់ជីប ម៉ុង ថៅវើ ក្នុងការត្រៀមខ្លួនក្លាយជាអគារពាណិជ្ជកម្មដ៏សំខាន់សម្រាប់វិស័យធុរកិច្ច។
អគារដ៏ស្កឹមស្កៃ លេចត្រដែត និងជួយបង្កើនសម្រស់ទីក្រុង ជីប ម៉ុង ថៅវើ ដែលជាអគារមួយក្នុងចំណោមអគារខ្ពស់ដាច់គេនៅរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារ នាព្រឹកថ្ងៃទី១៤ ខែមករា ឆាំ្ន២០២២នេះ យ៉ាងគគ្រឹកគគ្រេង ក្រោមវត្តមានអ្នកជំនួញជាតិ និងអន្តរជាតិ។
អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះកំពុងបោះជំហានមួយដំណាក់ទៀត ដើម្បីត្រៀមខ្លួនបម្រើសេវាកម្មផ្នែកផ្សារទំនើប សណ្ឋាគារលំដាប់ពិភពលោក ការិយាល័យធ្វើការ រោងភាពយន្ត សាលប្រជុំដ៏ទំនើប អាងហែលទឹក និងកន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ស្កាយបារ៍ និងកន្លែងកម្សាន្តដ៏ច្រើនសន្ធឹកសន្ធាប់។
នៅក្នុងពិធីបញ្ចប់ការសាងសង់គ្រោងអគារដល់ជាន់កំពូលនៃ ជីប ម៉ុង ថៅវើ សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បានថ្លែងថា សមិទ្ធផលដ៏ថ្មី និងធំធេងនេះ គឺកើតចេញពីកិច្ចខិតខំរបស់គណៈគ្រប់គ្រង ក្រុមការងារ និងដៃគូទាំងអស់។
លោក បានថ្លែងបញ្ជាក់ថា អគារពាណិជ្ជកម្មចម្រុះនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍ និងការវិនិយោគឥតឈប់ឈររបស់ក្រុមហ៊ុន ជាក់ស្តែងទោះបីក្នុងអំឡុងពេលនៃបរិបទជំងឺកូវីដ-១៩ ក៏ក្រុមហ៊ុនបានបន្តអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ដែលមានដូចជា ផាកលែនពោធិ៍ចិនតុង លែនម៉ាក ៦០ម៉ែត្រ និងជីប ម៉ុង សែនសុខ ជាដើម។
លោក បានថ្លែងបន្តថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អគារ ជីប ម៉ុង ថៅវើ ដែលនឹងបង្ហាញខ្លួនយ៉ាងពេញលេញនាពេលដ៏ខ្លីខាងមុខនឹងនាំមុខមាត់ថ្មីជូនកម្ពុជាក្នុងនាមជាអគារពាណិជ្ជកម្មចម្រុះប្រកបដោយសក្តានុពល ដែលនឹងផ្តល់នូវភាពប្រណីតទាន់សម័យ និងបម្រើផ្នែកពាណិជ្ជកម្មដើម្បីបំពេញតម្រូវការរបស់ធុរជនជាតិ និងអន្តរជាតិ ក៏ដូចជាជួយលើកស្ទួយវិស័យទេសចរណ៍។
នៅក្នុងពិធីនោះ លោក Simon DELL អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប បានថ្លែងថា ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះក៏បានបង្កើតឱកាសការងារជាច្រើនដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗជុំវិញតំបន់។
គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បានបើកដំណើរការហើយ នៅព្រឹកថ្ងៃទី១៩ មករា ២០២២។ ក្នុងនោះ ហាងជាច្រើនដូចជា Nature Republic, Café Amazon, Potato Corner, Bose, Scorpion & Co, U Care, Eye Care, K Four, Papa John’s, Starbucks, Louisiana, Doozii, Ten11, Wavera, Pka k'nhey, Steaklub, Misigga, Bong Crab, Masao, Food Park និងផ្សារទំនើប Chip Mong Supermarket៕
ដោយ៖ មឿន ឌីណា (Moeun Dyna)