ព្រះសីហនុ៖ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច-សង្គម ជាពិសេស ឆ្នាំ២០២០ អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិចំនួនតែ ២៥.៩៦លាននាក់ ធ្លាក់ចុះ ៨០.៥% ហើយចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥.៨%។ បើតាមការថ្លែងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា និន្នាការធ្លាក់ចុះនេះនៅតែបន្តក្នុងឆ្នាំ ២០២១កន្លងទៅ។
នៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ កាលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក ថោង ខុន បានថ្លែងបន្តថា នៅទស្សវត្សរ៍ចុងក្រោយ មុនវិបត្តិកូវីដ-១៩ តំបន់អាស៊ាន បានស្គាល់កំណើនទេសចរណ៍ប្រចាំឆ្នាំក្នុងរង្វង់ ៦% ហើយត្រឹមឆ្នាំ២០១៩ ទេសចរណ៍អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមប្រមាណ ១០% នៃGDP របស់តំបន់។ ដោយឡែក ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មានចំណែករហូតដល់ជាង ៤០% នៃទេសចរអន្តរជាតិសរុប។
លោក ថោង ខុន បានថ្លែងបន្តទៀតថា កំណើនទាំងនេះ រួមផ្សំនឹងយន្តការទ្រទ្រង់ដែលបាននឹងកំពុងអនុវត្ត ធ្វើឱ្យសមាជិកអាស៊ានរំពឹងថា នឹងអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ ក៏ដូចជាចូលរួមសម្រេចបង្គោលចររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ «ប្រទេសដែលមានលក្ខណៈសមាហរណកម្ម និងការអភិវឌ្ឍមានលក្ខណៈសមាហរណកម្ម- Integrating Countries, Integrating Developments»។
នៅក្នុងវេទធិកាខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងបន្ថែមទៀត ស្របតាមទស្សនៈ «អាស៊ានដើម្បីអាស៊ាន»។
សម្តេច តេជោ បានគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សានិងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃទី១៩ ខែមករា នេះ ចេញពីក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ «ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការទទួលបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាប់បាច់ធានាឱ្យបាននូវការជឿជាក់ និងទំនុកចិត្តថាជាគោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំង ជាសូចនាការគោល។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព»។
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន សិក្សានិងរៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ពីការទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើអាស៊ានគិតគូរពិចារណា ក្នុងការសម្រួបសម្រួលលក្ខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។
នៅក្នុងវេទិកាខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកអំពីប្រសាសន៍សម្តេចកន្លងមកថា «នៅក្នុងក្របខណ្ឌអាស៊ាន នរណាដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចធ្វើដំណើរបានទេ»។ សម្តេចតេជោ ថែមទាំចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)