ពោធិ៍សាត់៖ ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ បានក្លាយជាទីតាំងស្ថានីយ៍ ដែលផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ធំជាងគេបំផុតនៅកម្ពុជា។ បច្ចុប្បន្ន ត្រូវបានក្រុមហ៊ុន SchneiTec Co.,Ltd កំពុងអភិវឌ្ឍ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចមកហើយ រហូតទៅដល់ ៩០មេកាវ៉ាត់ ហើយនាពេលឆាប់ៗខាងមុខ នឹងពង្រីកអានុភាពបន្ថែម ១៥០មេកាវ៉ាត់ទៀតសរុបទៅដល់ ២៤០មេកាវ៉ាត់។
លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ទីតាំងស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Station) បច្ចុប្បន្នត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីចំនួន ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលតម្លៃប្រមាណ ២៨លានដុល្លារ។
ការថ្លែងខាងលើ របស់ លោក កែវ រតនៈ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំស្នាអន្សា ស្រុកក្រគរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
លោក កែវ រតនៈ បានថ្លែងបន្តថា តាមការស្នើសុំរបស់ខ្ញុំ គោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅ សម្តេច បានឯកភាពឱ្យបន្តតំឡើងងស្ថានីយ៍ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ក្នុងឃុំស្នាអន្សាស្រុកក្រគរ ដែលបច្ចុប្បន្នវាធំជាងគេនៅកម្ពុជា ដែលមានអានុភាពផលិត ៩០មេកាវ៉ាត់។
លោក កែវ រតនៈ បានថ្លែងបន្តទៀតថា ប៉ុន្តែនាពេលខាងមុខ នឹងបន្ថែមអានុភាពដល់ទៅ ១៥០មេកាវ៉ាត់ទៀត អញ្ជឹងវានឹងក្លាយជាស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យស្អាតឥតមានផ្សែង រហូតដល់ទៅដល់ ២៤០មេកាវ៉ាត់ ដែលនឹងបន្តក្លាយជាស្ថានីយ៍ធំជាងគេបង្អស់ របស់ប្រទេសកម្ពុជា។ លោក បានបញ្ជាក់ថា «ទីតាំងនេះ ក៏នឹងក្លាយជាកម្មវត្ថុនៃការមកលេង និងការមកសិក្សាស្រាវជ្រាវ របស់ក្រុមសិស្សានុសិស្សអ្នកបច្ចេកទេស ក៏ដូចជាអ្នកវិទ្យាសាស្ត្រមួយចំនួនផងដែរ»។
លោក បានថ្លែមបន្ថែមទៀតថា នេះជាមោទកភាពបំផុតសម្រាប់ប្រជាជនក្នុងស្រុកក្រគរ សម្រាប់ប្រជាជនក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលត្រូវបានរាជរដ្ឋាភិបាល ជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍បង្កើតទីផ្សារការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបាននៅជិតជួបជុំក្រុមគ្រួសារ។
ទីតាំងនេះដែរ ក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលបច្ចុប្បន្នត្រូវបានអភិវឌ្ឍន៍រួចរាល់ និងកំពុងអភិវឌ្ឍន៍ រួមមាន៖ មានរោងក្រកាត់ដេរ រោងចក្រតម្លើងត្រង់ស្វូរ រោងចក្រផ្គុំ និងតំឡើងរថយន្ត Ford របស់សហរដ្ឋអាមេរិក ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន។ បើតាមការបញ្ជាក់បន្តរបស់លោក កែវ រតនៈ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)