ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២២ កើនឡើងចំនួន ៤.៥% ដោយពឹងផ្អែកលើវិស័យសំខាន់ៗរួមមាន៖ ឧស្សាហកម្មកាត់ដេរ ទំនិញក្នុងផ្នែកធ្វើដំណើរ ស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផងដែរ ដែលបន្តដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់យន្តការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ បើតាមរបាយការណ៍របស់ ធនាគារពិពភលោក។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក បានព្យាករណ៍ឡើងដោយផ្អែកទៅលើសញ្ញាល្អនៃការនាំចេញទំនិញក្នុងវិស័យកាត់ដេរ វិស័យកសិកម្ម ទោះបីជាបញ្ហាកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់យ៉ាងណាក្តី។
បើតាមរបាយការណ៍ដដែល វិស័យឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជា ក្នុងរយៈពេល ៩ខែឆ្នាំ២០២១ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃ ៥.៨ពាន់លានដុល្លារ កើនឡើង ១២% នៃទំនិញសរុប ១៥.២% បើធៀបទៅនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ឧស្សាហកម្មផលិតកង់ ការនាំចេញពីកម្ពុជាកើនឡើងចំនួន ២៤.១% ដោយគិតជាទឹកប្រាក់ប្រមាណ ៤.៧រយលានដុល្លារ និងវិស័យកសិកម្មដូចជា ស្រូវ អង្ករ ទទួលបានប្រាក់ចំណូល ២៨៥លានដុល្លារ ខណៈការនាំចេញកៅស៊ូ សម្រេចបានប្រមាណ ២៦៦លានដុល្លារ។ បើតាមរបាយការណ៍របស់ធនាគារដដែល។
កំណើនសេដ្ឋកិច្ច ៤.៥% ក្នុងឆ្នាំ២០២២ ក៏អាចនឹងជួបហានិភ័យទៅវិញផងដែរ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តរីកសាយភាយម្តងទៀត។ បើតាមការបញ្ជាក់របស់ របស់ធនាគារពិភពលោក បានបន្តថា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកម្លាំងស្ទុះងើបឡើងវិញបាន កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន៖ ការដាក់ចេញនូវវិធាននិងបទប្បញ្ញត្តិច្បាស់លាស់ ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី វិធានការផ្នែកបទប្បញ្ញត្តិនិងផ្នែកសារពើពន្ធ ដែលជួយដល់ការរស់រានឡើងវិញរបស់វិស័យទេសចរណ៍ និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មីជាដើម។
ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ-១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជាមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ក្រោយពីនៅឆ្នាំ២០២១ ត្រូវបានកែសម្រួលពី ៤ភាគរយ មកនៅត្រឹមជាង ២ភាគរយវិញ បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្តល់ការងារប្រហែល២លានកន្លែង និងបានរួមចំណែកមួយភាគបួន នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ បើតាមការបន្តទៀតរបស់ធនាគារពិភពលោក។
បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់ ៥.៥ភាគរយក្នុងឆ្នាំ២០២២ នេះដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។
របាយការណ៍ធនាគារពិភពលោកដដែលបាន បានលើកឡើងថា សេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជា កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ មិនត្រូវបានរំពឹងថានឹងងើបឡើងវិញដល់កម្រិតមុនមានការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់ឆ្នាំ២០២២នេះ។ វត្តមានរបស់វីរុសបំលែង Omicron អាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរ។
ថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីការព្យាករណ៍ថា នៅឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចហក់ឡើងលើស ៥ភាគរយ ក្រោយកម្ពុជាបើកប្រទេសឡើងវិញ។ សម្តេច មានសុទិដ្ឋិនិយមជាមួយនឹងកំណើនសេដ្ឋកិច្ចបែបនេះ ដោយសារកំណើន នៃការនាំចេញរបស់វិស័យកសិកម្ម និងវិស័យឧស្សាហកម្មមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែល បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)