ភ្នំពេញ៖ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ហិញ្ញប្បទានឥតសំណងប្រមាណ ៣១៦លានដុល្លារ។ បច្ចុប្បន្ន KOICA មានគម្រោងចំនួន ១៦ ជាមួយថកាប្រមាណ ១២៦.៥លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាបន្តថា លើសពីនេះ KOICA បានផ្ដល់កម្មវិធីសហប្របត្តិការជាច្រើន ដូចជា ការបញ្ជូនអ្នកជំនាញការ និងអ្នកស្ម័គ្រចិត្តកូរ៉េ កម្មវិធីបណ្ដុះបណ្ដាលរយៈណេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង កម្មវិធីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងការឧបត្ថមសម្ភារវិជ្ជសាស្រ្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាកម្រិតនយោបាយជាមួយលោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Virtual Meeting)។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ KOICA នៅកម្ពុជា។
នៅក្នុងជំនួប លោក ឈៀង យ៉ាណារ៉ា ថ្លែងអំណរគុណ ចំពោះភាពជាដៃគូដ៏រឹងមាំរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោក រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ទីភ្នាក់ងារ KOICA ដែលបាននឹងកំពុងបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់ការអនុវត្តយ៉ាងច្រើននៅកកម្ពុជា និងជាពិសេស សហការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជំនួយសម្ភារវិជ្ជសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
នៅក្នុងជំនួបនោះ លោក Rho Hyunjun បានបង្ហាញអារម្មណ៍សោមន្សរីករាយក្នុងការបំពេញបេសកម្មនៅកម្ពុជា និងបានសម្ដែងការកោតសរសើរចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួង/ស្ថាប័នរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកបានប្ដេជ្ញាបន្តពង្រឹកកិច្ចសហការ និងភាពជាដៃគូកាន់តែប្រសើរឡើងថឺមទៀត។ លោក ប្រធានទីភ្នាក់ងារ KOICA បានបញ្ជាក់ជំហរបន្តការគាំទ្រដល់កម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ៕
ដោយ៖ មឿន ឌីណា (MNoeun Dyna)