ភ្នំពេញ៖ យោងតាមរបាយការណ៍ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអង្គភាពទាំង៥ នៅថ្ងៃទី៥ខែ មករាឆ្នាំ២០២២នេះ បានឱ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប និងការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ មានប្រមាណ ២៣,១០១,៨៤៤,៩៣៩ដុល្លារ។ បើតាមទំព័រហ្វេសប៊ុក លោក វេងសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមរបាយការណ៍ដែល លោក វេង សាខុន ទទួលបានខាងលើឱ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានទំហំ ១៨,០៦៣,១៣៥,១៧៩ដុល្លារ មានកំណើន ៤៣.៣៩% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។
តម្លៃផលិតផលកសិកម្មទាំងងនោះមានដូចជា ១.ផ្នែកដំណាំ ១០,៥៦៧,០០០,០០០ដុល្លារ, ២.ផ្នែកផលិតកម្មសត្វ ៥,១០០,០០០,០០០ដុល្លារ, ៣.ផ្នែកផលិតផលជលផល ១,៧១២,៨០០,០០០ដុល្លារ, ៤.ផ្នែកព្រៃឈើ ៧៨,៦៣៦,៩៦៣ដុល្លារ, ៥.ផ្នែកកៅស៊ូ ៦០៤,៦៩៨,២១៦ដុល្លារ។
តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ២០២១ មានទំហំ ៥,០៣៨,៧០៩,៧៦០លានដុល្លារ មានកំណើន ២៤.៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០។
ការនាំចេញផលិតផលរួមមាន៖ ១.ផ្នែកដំណាំ ៤,៣២៣,៧១៩,៣០០ដុល្លារ, ២.ផ្នែកផលិតកម្មសត្វ ៤៥,៧៩០,៨១០ដុល្លារ, ៣.ផ្នែកផលិតផលជលផល ៤,០៩៩,៥៣០ដុល្លារ, ៤.ផ្នែកព្រៃឈើ ៦០,៤០១,៩០៤ដុល្លារ, ៥.ផ្នែកកៅស៊ូ ៦០៤,៦៩៨,២១៦ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)