កែប៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចាក់បេតុងអាមេ មួយខ្សែប្រវែង ១,២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ តភ្ជាប់ ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ បើតាមរដ្ឋបាលខេត្តកែប។
លោក សោម ពិសិដ្ឋ អភិបាលខេត្ត ខេត្តកែប បច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុង ប្រឹងប្រែងកសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរ ឱ្យកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសម្រាកលំហែរកម្សាន្ត។
លោក បានថ្លែងបន្តថា នៅតំបន់ឆ្នេរសមុទ្រខេត្តកែប កាន់តែមានសន្ទុះច្រើនឡើងៗទៅអនាគត ពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបម្រើតម្រូវការមមារញឹក ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរមកពីភ្នំពេញនឹងបណ្ដាខេត្តផ្សេងៗ អាចធ្វើដំណើរកាត់ត្រង់ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។
លោក ចម ប្រសិទ្ធ លើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ខេត្តកែបរបស់យើង ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។
លោក រដ្ឋមន្រ្តីបានលើកឡើងបន្តថា ពិសេស ការពង្រីកហេដ្ឋារចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលការចរាចរកសិផល ផលនេសាទ របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារួមចំណែកកាត់បន្ថយភាពក្រីក្រ កាន់តែឆាបរហ័ស។
លោក បានលើកឡើងបន្តទៀតថា ទោះយ៉ាងណា សមិទ្ធផលទាំងនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ យើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើនជឿនលឿនទៅមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)