កំពង់ចាម៖ ក្នុងការវាយតម្លៃប្រភេទដី នៅក្នុងក្រុងកំពង់ចាម មានដីរហូតដល់ ៨ប្រភេទ តម្រូវឱ្យត្រូវបង់ពន្ធជូនរដ្ឋ ក្នុងរង្វង់ចាប់ពី ១ដុល្លារ ទៅ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២២។ បើតាមមន្ត្រីជំនាញពន្ធដារខេត្តកំពង់
ចាម។
មន្ត្រីជំនាញពន្ធដារខេត្តកំពង់ចាម បានញ្ជាក់ថា «ចំពោះដីប្រភេទ១ ត្រូវបង់ពន្ធចំនួន ៦០០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា គឺដីស្ថិតនៅជុំវិញផ្សារ និងផ្លូវមេ ក្នុងនោះរួមមាន៖ ផ្សារធំកំពង់ចាម ផ្សាររាត្រី សងខាងផ្លូវជាតិលេខ៧ថ្មី ចាប់ពីផ្លូវសូរិយាវរ្ម័នទី២ ដល់ស្ពានគីហ្សុណា ព្រំប្រទល់ស្រុកត្បូងឃ្មុំ សងខាងផ្លូវជាតិលេខ៧ចាស់។ ចាប់ពីកែងផ្លូវព្រះមុនីវង្សដល់កែងផ្លូវព្រះសីហនុ នៅមាត់ទន្លេសងខាងផ្លូវព្រះកេតុមាលា ចាប់ពីរង្វង់មូលផ្សារធំ ដល់សងខាងកែងផ្លូវសូរិយវរ្ម័នទី២ សងខាងផ្លូវព្រះកុសមៈនារីរ័ត្ន ចាប់ពីមុខសាលាខេត្ត ដល់ផ្លូវព្រះសីហនុ រួមទាំងតំបន់មួយចំនួនទៀត»។
ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានគូសបញ្ជាក់ថា សម្រាប់ដីនៅក្នុងក្រុងកំពង់ចាម ដែលមានចំនួន ៤សង្កាត់ ក្នុងនោះរួមមាន បឹងកុក កំពង់ចាម វាលវង់ និងសំបួរមាស គឺមានចំនួន ៨ប្រភេទ ហើយការបង់ពន្ធជូនរដ្ឋ គឺតំបន់ខ្លះត្រូវបង់ចាប់ពី ១ដុល្លារ រហូតដល់៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
លោក ចាន់ ផល្លី បានបន្តថា ជាក់ស្ដែង នៅក្នុងតារាងប្រភេទសំណង់ ដូចជាជាន់ក្រោមដី សំណង់សាងសង់ពីឥដ្ឋ បេតុងត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ផ្ទាល់ដី ត្រូវបង់ ២២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី១ ត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី២ ដល់ទី៥ បង់ ១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី៦ ដល់ទី១០ បង់ ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងចាប់ពីជាន់ទី១១ ឡើងទៅ ត្រូវបង់ ៧០០ដុល្លារ។
បើតាមកិច្ចប្រជុំខាងលើ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដា បានថ្លែងថា យោងតាមលិខិត លេខ១២២៤២ អពន ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ទើបអាជ្ញាធរខេត្តកំពង់ចាមជួបជុំគ្នាដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាង តម្លៃអចលនទ្រព្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
លោក អភិបាលខេត្តបានថ្លែងបញ្ជាក់ថា កិច្ចប្រជុំនេះ ទី១-គឺដើម្បីប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព។ ទី២-ពិនិត្យទៅលើឧបសម្ព័ន្ធ ដែលបានអនុវត្តនាពេលបច្ចុប្បន្ននេះ សម្រាប់កំណត់នូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម ក្រែងមានភាពខ្វះចន្លោះដែលពាក់ព័ន្ធទៅលើផ្នែក ប្រែប្រួលនៃតម្លៃអចលនទ្រព្យផងដែរ។
ទី៣-ដើម្បីពិនិត្យនិងពិភាក្សាសម្រេច លើសេចក្តីព្រាងអចលនទ្រព្យ ឧបសម្ព័ន្ធថ្មីនៃការបែងចែកភូមិសាស្ត្រថ្មី នៃតម្លៃអចលនទ្រព្យ កំណត់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម។ទី៤-ក្រោយពីការប្រជុំពិភាក្សាគ្នារួច សាខាពន្ធដារខេត្ត និងរៀបចំលិខិត ដាក់ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ នៅអគ្គនាយកដ្ឋានពន្ធដារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)