ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ២៧៤.២លានដុល្លារ កើន ៥៧.២៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មានចំនួន ១៧៤.៣៥លានដុល្លារ។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបន្តថា ក្នុងនោះ ទំនិញដែលកម្ពុជានាំទៅប្រទេសឥណ្ឌាមានទឹកប្រាក់ ១១៣.៨៧លានដុល្លារ កើន ៩៩.១៦% ពីចំនួន ៥៧.១៧លានដុល្លារ និងការនាំទំនិញពីឥណ្ឌាមកកម្ពុជាវិញ មានទឹកប្រាក់ ១៦០.៣២លានដុល្លារ កើន ៣៦.៨២% ពីចំនួន ១១៧.១៧លានដុល្លារ។
នៅក្នុងរបាយការណ៍បានបន្តទៀតថា ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ១១៣លានដុល្លារ កើន ៩៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈកំណើននេះត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «ជាសញ្ញាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា ស្របពេលប្រទេសទាំង២ កំពុងចរចាដើម្បីរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ឥណ្ឌា»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា នឹងអាចជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងពេលឆាប់ៗនេះ ដែលនឹងធ្វើឱ្យមានទីផ្សារកាន់តែធំរវាងកម្ពុជា និងប្រទេសឥណ្ឌា។ លោក បានបន្តថា មានក្រុមហ៊ុនឥណ្ឌា ដែលមកវិនិយោគនៅកម្ពុជាច្រើនដែរ ដោយបានវិនិយោគស្ទើរគ្រប់វិស័យ រួមមានដូចជា៖ កសិកម្ម ឱសថ បរិក្ខារពេទ្យ និងការនាំចូលឧបករណ៍បច្ចេកវិទ្យា។ ដោយឡែកកម្ពុជានាំចេញទៅឥណ្ឌាវិញរួមមាន ផលិតផលកសិកម្ម សម្ភារវាយនភណ្ឌកាត់ដេរ និងកាបូបជាដើម។
បើតាម លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌាមានការកើនឡើងច្រើនបើមើលជាភាគរយ។ លោក បានបន្តថា ប៉ុន្តែទំហំទឹកប្រាក់នៅមានកម្រិតទាបនៅឡើយ ព្រោះទឹកប្រាក់គ្រាដើមទាប ដោយកើនពីជាង ៥៧លានដុល្លារទៅ ជាង ១១៣លានដុល្លារ ឯការនាំចេញទៅជប៉ុនក្ដី កាណាដាក្ដី ភាគរយទាបទេតែមានចំនួនទឹកប្រាក់ច្រើន។
ភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ស៊ាង ថៃ បន្តថា កំណើននៃការនាំចេញរបស់កម្ពុជាទៅឥណ្ឌា ជាសញ្ញាល្អមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា តែបើប្រៀបធៀបជាមួយទំហំទីផ្សារ ការនាំចេញរបស់កម្ពុជាត្រូវរំពឹងថា នឹងកើនឡើងថែមទៀតនៅឆ្នាំខាងមុខ។ លោក បានបន្តទៀតថា កន្លងទៅក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយនឹងប្រទេសមួយចំនួនមានដូចជា ចិន កូរ៉េ អង់គ្លេស អាមេរិក ជប៉ុនឥណ្ឌា ម៉ុងហ្គោលី និងអឺរ៉ាស៊ី ជាដើម តែលទ្ធផលនៃការចរចាមិនបានដូចគ្នាទាំងអស់ទេ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)