ភ្នំពេញ៖ នៅរាជធានីភ្នំពេញ តំបន់ខណ្ឌចំនួន៣ បានស្របទាញវិនិយោគិនបរទេសជាច្រើន តាមរយៈមកវិនិយោគបែបផែននៃវិស័យផ្សេងៗ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យបានឡើងខ្ពស់លើសពីខណ្ឌមួយចំនួន។ ជាក់ស្ដែងដូចជា ខណ្ឌបឹងកេងកង ខណ្ឌទួលទំពូង និងខណ្ឌទួលគោក បច្ចុប្បន្នមានអគារខ្ពស់ៗជាច្រើនបានលេចរូបរាងឡើងព្រោងព្រាតចាប់ពី៥ជាន់ឡើង នេះបញ្ជាក់ថាតំបន់ទាំងនេះមានសក្តានុពល ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានកំណើនសេដ្ឋកិច្ចឡើង។
លោក Charles Villar អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KW Khmer Real Estate បានថ្លែងបញ្ជាក់ថា «នៅក្នុងរាជធានីភ្នំពេញ តំបន់ទាំង៣ រួមមាន៖ បឹងកេងកង ទួលទំពូង ទូលគោក ត្រូវបានចាត់ថ្នាក់កំពូលសម្រាប់ការបណ្ដាក់ទុនវិនិយោគ»។ លោក បានបន្តថា ក្នុងនោះយើងដឹងស្រាប់ហើយថា បឹងកេងកងជាតំបន់លេខ១នៅភ្នំពេញ ហើយតម្លៃដីនៅក្នុងតំបន់នេះបានកើនឡើងខ្ពស់ជាបន្តបន្ទាប់។ តំបន់លេខ២ ទួលទំពូង ដែលមានការវិនិយោគពីបរទេសច្រើនដែរ ចំណែកតំបន់លេខ៣ គឺទូលគោក។
បើតាម លោក Charles Villar បានថ្លែងបន្តទៀតថា ទួលគោកក៏បានមើលឃើញថាកំពុងមានសន្ទុះវិនិយោគខ្ពស់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសការវិនិយោគដែលផ្ដោតលើជនបរទេស។ លោក បានអះអាងថា តំបន់ទាំង៣ ជាតំបន់ដែលមានជនបរទេសរស់នៅច្រើន ហើយវិនិយោគិនដែលដាក់ទុនវិនិយោគក្នុងតំបន់ទាំង៣នេះ ផ្ដោតទៅលើការអភិវឌ្ឍអគារខ្ពស់ៗ ជាក់ស្ដែងយើងបានឃើញនៅក្នុងតំបន់ទាំង៣ កំពុងមានការសាងសង់អគារខ្ពស់ៗយ៉ាងច្រើនផងដែរ។
នៅពេលតម្លៃដីកាន់តែខ្ពស់ ការវិនិយោគគឺផ្ដោតលើប្រាក់ចំណេញច្រើន ហើយការអភិវឌ្ឍអគារគឺជាមធ្យោបាយមួយដែលធ្វើឱ្យអ្នកវិនិយោគរកប្រាក់ចំណេញបានច្រើនពីវាដែរ។ គេមិនអាចយកដីដែលមានតម្លៃខ្ពស់ទៅសាងសង់ជាផ្ទះល្វែងឬវីឡាដើម្បីលក់នោះទេ។ បើតាមការបន្ថែមរបស់ លោក Charles Villar។
ការវិនិយោគអគារខ្ពស់ដូចជាខុនដូ និងការិយាល័យគឺគេរកទីតាំងណានៅកណ្ដាលក្រុង ហើយទីតាំងកណ្ដាលក្រុងតម្លៃដីក៏មានខ្ពស់ដែរ ដូច្នេះការវិនិយោគនៅកណ្ដាលក្រុងគឺត្រូវការចំណាយទុនច្រើន តែក៏អាចចំណេញដែរ បើសិនជាការវិនិយោគច្បាស់លាស់។ បើតាមការថ្លែងរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី វិនិយោគិនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
ដូចគ្នានេះដែរ បើតាមលោក សន សៀប បានលើកឡើងថា ការអភិវឌ្ឍនៅកណ្ដាលក្រុងនេះដែរ ដោយលោកបានផ្ដល់ជាយោបល់ដល់អ្នកវិនិយោគដីធ្លីដែលចង់បានប្រាក់ចំណេញមកវិញភ្លាមៗ មិនគួរវិនិយោគនៅជិតក្រុងនោះទេ។ តម្លៃដីនៅក្នុងក្រុងបានឡើងខ្ពស់ទៅហើយ ដូច្នេះវាមិនអាចហក់ឡើងលឿនទៀតទេ តែបើវិនិយោគនៅជាយក្រុង អត្រានៃការឡើងថ្លៃនឹងមានបន្តទៀត នៅពេលមានការអភិវឌ្ឍកាន់តែច្រើន៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)