នៅក្នុងកម្មវិធីសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការព្យាករទាំងអស់នេះស្ថិតក្នុងភាពជាការប៉ាន់ស្មាននៅឡើយ ដោយសារហានិភ័យពីរលកថ្មីនៃការបំប្លែងខ្លួនថ្មីនៃវីរុស១៩ ដែលមានសភាពកាន់តែកាចសាហាវ នៅតែជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍក្នុងសកលលោក និងតំបន់។
លោកបន្ថែមថាទោះបីជាស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩បានធូរស្រាលក៏ពិតមែន តែកម្ពុជានៅតែបន្តយកចិត្តទុកដាក់លើបញ្ហាកូវីដ១៩នេះជាចម្បងផងដែរ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងធានាឱ្យបាននូវការបើកប្រទេស និងការរៀនរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី។
ទាំងអ្នកជំនាញ វិស័យទាំងទេសចរណ៍ វិស័យអចលនទ្រព្យ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាក្រោយបើកប្រទេសឡើងវិញជាពិសេស នៅក្នុងឆ្នាំ២០២១ខាងមុខនេះ រំពឹងថាសកម្មភាពអាជីវកម្មសំខាន់ៗនឹងមានកំណើនឡើងវិញ ហើយនឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយៗ នឹងកើនឡើងជាបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងផងដែរថា ការបើកប្រទេសរបស់កម្ពុជានឹងមិនដើរថយក្រោយនោះទេ ពោលគឺនឹងបន្តទៅមុខហើយ ដោយកម្ពុជាបាននិងកំពុងចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣)ជូនប្រជាពលរដ្ឋនិងត្រៀមចាក់ដូសទី៤ ដើម្បីបន្ស៊ាំមេរោគកូវីដ១៩ទៅនឹងសហគមន៍។
តាមថ្លែងរបស់ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា វិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២០-២០២១ មិនមានសកម្មភាពល្អទេ ប៉ុន្តែលោករំពឹងថាវានឹងមានកំណើនឡើងវិញក្នុងឆ្នាំ២០២២ ខាងមុខ ជាពិសេសបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនរួចរាល់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)