ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ការអនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន ៣,២៦៣គម្រោង ធ្លាក់ចុះ ៤៧៦គម្រោង បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះគម្រោងប្រភេទលំនៅឋានមាន ២,៩០៩គម្រោង ធ្លាក់ចុះ ៣៤៤គម្រោង។ បើយោងតាមទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សម្រាប់ទុនវិនិយោគដែលបានអនុញ្ញាតឱ្យសាងសង់មានចំនួន ៤,៦៥៧លានដុល្លារ ធ្លាក់ចុះ ២០.៦ភាគរយ ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៥,៨៦៨លានដុល្លារ។
អ្នកគ្រប់គ្រងទូទៅ នៃសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានថ្លែងបញ្ជាក់ថា ហេតុផលដែលធ្វើឱ្យប្រាក់វិនិយោគវិស័យសំណង់ និងចំនួនគម្រោងសាងសង់ធ្លាក់ចុះ គឺមកពីការរឹតត្បិតការធ្វើដំណើរឆ្លងប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់វិនិយោគិនបរទេសក្នុងការចូលមកស្វែងរក និងសិក្សាឱកាសវិនិយោគនៅកម្ពុជា។
លោក ជីវ ស៊ីវផេង បានថ្លែងបន្តថា ទោះបីយ៉ាងណាបន្ទាប់ពីរដ្ឋាភិបាលសម្រេចបើកទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគចាក់វ៉ាក់សាំងគ្រប់ដូស លោកសង្កេតឃើញសកម្មភាពក្នុងវិស័យសំណង់ និងការសិក្សាពីលទ្ធភាពវិនិយោគចាប់កម្រើកបណ្តើរៗវិញហើយ។
បើតាមកាសែតភ្នំពេញប៉ុស្តិ៍ ស្រង់សំដីរបស់ លោក ជីវ ស៊ីវផេង ថា ការរីករាលដាលកូវីដ-១៩ បានបង្អាក់សកម្មភាពស្ទើរគ្រប់វិស័យ រួមទាំងវិស័យសំណង់។ ចំនួនទឹកប្រាក់វិនិយោគ និងចំនួនគម្រោង ដែលធ្លាក់ចុះនេះ ភាគច្រើនកើតមានចំពោះគម្រោងវិនិយោគដោយជនបរទេស ប៉ុន្តែសម្រាប់គម្រោងរបស់វិនិយោគនៅក្នុងស្រុក គឺដំណើរការធម្មតា។
បើតាមកាសែតដដែល បានស្រង់សំដីរបស់ អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា ថា វត្តមានជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងសាងសង់អគារធំៗជាច្រើនដែលមានម្ចាស់ជាជនបរទេសថយចុះសកម្មភាព ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍បុរី និងលំនៅឋាន ដែលមានម្ចាស់ជាវិនិយោគក្នុងស្រុកមិនមានអ្វីជាបញ្ហានោះទេ។ លោក បានបញ្ជាក់ថា «ការធ្លាក់ចុះវិស័យសំណង់ គឺបណ្តាលមកពីការធ្លាក់ចុះសម្រាប់គម្រោងធំៗដែលវិនិយោគដោយជនបរទេសតែប៉ុណ្ណោះ»។
បើតាមប្រភពដដែលបានស្រង់សំដី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា ថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា បានរើបឡើងវិញជាបន្តបន្ទាប់ គ្រាន់តែក្នុងដំណាក់កាលនេះភាគច្រើនជាគម្រោងរបស់អ្នកវិនិយោគក្នុងស្រុក។ លោកលើកឡើងថា ទីផ្សារអចលនទ្រព្យមានចលនា និងក្លាយជាកម្លាំងចលករទាញឱ្យវិស័យសំណង់មានដំណើរការឡើងវិញព្រមគ្នា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)