Register Already an agent ? Login

តំបន់ទេសចរណ៍ព្រៃឈើចង្ក្រានរយ ខេត្តសៀមរាប ជាទេសចរធម្មជាតិក្រៅពីប្រាសាទត្រូវបានរៀបចំទទួលភ្ញៀវទេសចរឆ្លងឆ្នាំ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាលើគម្រោងចំនួន២ សម្រាប់ទាក់ទាញភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកលរួមមាន៖ ១-ការរៀបចំបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ នៅក្នុងក្រុងសៀមរាប ដើម្បីបើកទំព័រថ្មីទទួលភ្ញៀវទេសចរ និង២-ការរៀបចំសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវ៉ារិន ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ក្រៅពីប្រាសាទ។

កិច្ចប្រជុំពិភាក្សាលើគម្រោងទាំងពីរខាងលើ ដឹកនាំដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានផ្ញើសារជាសំឡេងជូនជនរួមជាតិ ស្តីពីប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ។

នៅក្នុងកិច្ចពិភាក្សានេះ លោក ឡាយ គឹមសួរ ប្រធានកិត្តិយសសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប បានបង្ហាញនូវការចាប់អារម្មណ៍ថា យោងតាមស្ថានភាពបច្ចប្បន្ន ទំនោរនៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពភាពនៃដំណើរកម្សាន្តក៏មានការផ្លាស់ផងដែរ ដូច្នេះភ្នំចង្ក្រានរយគឺជាតំបន់អេកូទេសចរណ៍ ដែលភ្ញៀវជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍។

លោក ឡាយ គឹមសួរ ក៏បានបង្ហាញឱ្យដឹងទៀតដែរថា គម្រោងនៃការរៀបចំពីធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ( ២០២១-២០២២ ) នៅសហគមន៍ព្រៃឈើចង្ក្រានរយ គឺស្ថិតក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនេះ។

លោក បានបន្តថា កម្មវិធីឆ្លងឆ្នាំនេះ ស្ថិតក្រោមកិច្ចសហការគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមានការចូលរួមឧបត្ថម្ភដោយវិស័យឯកជន ដែលរៀបចំកម្មវិធីឱ្យមានការបែងចែកជាពីរផ្នែក គឺបើកឲ្យមានការចូលរួមដោយសេរីពីសំណាក់ប្រជាសហគមន៍  និងមានការរៀបចំលក់ជាកញ្ចប់ទស្សនកិច្ចនៃភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ។

លោក ទៀ សីហា បានបញ្ជាក់ថា សម្បត្តិធម្មជាតិនៃសហគមន៍ព្រៃឈើចង្ក្រានរយ គឺជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្រៅពីប្រាសាទ ហើយការចូលរួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល អាចទៅកម្សាន្តនិងទស្សនានៅតំបន់សហគមន៍ចង្ក្រានរយ ដែលជាព្រៃធម្មជាតិ និងមានទឹកធ្លាក់ព្រមទាំងខ្យល់ធម្មជាតិផងដែរ។

ក្នុងកិច្ចប្រជុំនេះ ក៏បានបញ្ជាក់ឱ្យដឹងដែរថា តំបន់ភ្នំចង្ក្រានរយ មានគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទស្សនាជាច្រើន ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រមួយផងដែរនាសម័យកាលព្រះបាទត្រសក់ផ្អែម។

សូមបញ្ជាក់ថា តំបន់ទសចរណ៍ធម្មជាតិមួយនេះ មានព្រៃទស្សនាសត្វស្លាបកម្រ ដែលភៀសខ្លួនចេញពីតំបន់និងពិភពលោក មកសង្ងំលាក់ខ្លួននៅក្នុងតំបន់ព្រៃភ្នំចង្ក្រានរយ ក្រៅពីនេះតំបន់ចង្ក្រានរយ ក៏ជាទីតាំងដែលមានថ្មដុះចេញជារូបសត្វផ្សេង ចម្ការម្នាស់ដុះលើថ្មជាដើម ទឹកធ្លាក់ ហើយដែលទាំងនេះ គឺជាចំណុចសក្តានុពលទេសចរណ៍ដ៏ទាក់ទាញបំផុត នៅស្រុកវ៉ារិន នៃខេត្តសៀមរាប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)