សៀមរាប៖ អគារមន្ទីរពេទ្យបង្អែកខេត្តមានកម្ពស់ ៤ជាន់ ដែលជាជំនួយឥតសំណងចំនួន ១៩ដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឱ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីប្រុងពលីបើកការដ្ឋានសាសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមរដ្ឋបាលខេត្តសៀមរាប។
គម្រោងអភិវឌ្ឍន៍ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានសម្រេចជាផ្លែផ្កា ដោយទទួលបាននូវជំនួយឧបត្ថមពីរដ្ឋាភិបាលជប៉ុននូវអគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧,២៦០ម៉ែត្រការ៉េ កំពស់ ៤ជាន់ ប្រវែង ២៥ម៉ែត្រ គុណនឹង ៦៩ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ បើតាមការថ្លែងរបស់ លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបនៅក្នុងពិធីខាងលើ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងបន្តថា អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ជាមន្ទីរពេទ្យដែលមានផាសុកភាព មានកម្រិតបង្កការចម្លងរោគកម្រិតទាប មានបំពាក់ជណ្តើរយោង និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលមានចំនួនគ្រែសរុបចំនួន ២២០គ្រែ ដែលទទួលអ្នកជំងឺទៅតាមជាន់នីមួយៗ។
គម្រោងនេះ នឹងធ្វើឱ្យកាត់តែមានភាពប្រសើរឡើងវិញ នៃមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចមន្ទីរពេទ្យស្រុកប្រតិបត្តិទាំងបួនទៀតផង។ បើតាមការថ្លែងរបស់ លោក ថាដាសិ អូហ្គាសាវ៉ារ៉ា ទីប្រឹក្សាគម្រោង បានបញ្ជាក់ថា គម្រោងនេះ គឺជាគម្រោងហិរញ្ញទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវគុណភាពសេវាសុខភាព និងពង្រីកនូវសេវាសុខភាពគ្រប់ដណ្តប់នៅក្នុងតំបន់។
លោក ថាដាសិ អូហ្គាសាវ៉ារ៉ា បានថ្លែងបន្តថា ការសាងសង់អគារមន្ទីរពេទ្យ ក៏ដូចជាការឧបត្ថម្ភនូវឧបករណ៍បរិក្ខាពេទ្យផងដែរ។ លោក ក៏បានឱ្យដឹងផងដែរ លើគម្រោងសាងសង់នេះមានទឹកប្រាក់ប្រមាណ ១៩លានដុល្លា។
នៅក្នុងពិធីខាងលើ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្តែងនូវអំណរគុណ រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់សំណង់អគារពេទ្យ ដល់ខេត្តសៀមរាប ដែលជាគម្រោងហិរញ្ញទានឥតសំណងនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវគុណភាពសេវាសុខភាព និងពង្រីកនូវសេវាសុខភាពគ្រប់ដណ្តប់នៅក្នុងតំបន់។
លោក បានថ្លែងបន្តថា បើទោះបីជារយៈពេលជិត ពីរឆ្នាំមកនេះ យើងជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែការរីក រាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏កម្ពុជានៅតែអាចជំនះរាល់ ឧបស័គ្គទប់ទល់នឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ ហើយសម្រេចបានលទ្ធផលគួរ ជាទីមោទនៈ។
លោក អភិបាលរងខេត្តបានថ្លែងបន្តទៀតថា ដោយឡែកសម្រាប់ខេត្តសៀមរាប ក៏មានការរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ លើវិស័យផ្គត់ផ្គង់ទឹកស្អាត ភ្លើង អគ្គិសនី សេវាកម្មផ្សេងៗ ពិសេសគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច តេជោ ហ៊ុន សែន ដែលនឹងត្រូវ បញ្ចប់ជាស្ថាពរ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ដ៏ខ្លីខាងមុខនេះ។
លោក បានថ្លែងបន្ថែមទៀតថា ជាក់ស្តែងការប្រារព្ធពិធីក្រុងពលី និងបើកការដ្ឋានសាង សង់អាគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប នឹងក្លាយជាសមិទ្ធផលមួយថ្មីស្រឡាងមួយបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត នឹងជួយសម្រួលឱ្យការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង កាន់តែមានផាសុកភាព និងប្រកបដោយប្រសិទ្ធភាព។
បើតាមទំព័រហ្វេសប៊ុក JICA ប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២៣ (រយ:ពេល២២ខែ) ដោយការសាងសង់អាគារមន្ទីរពេទ្យដែលមានកំពស់៤ជាន់ និងដាក់គ្រែអ្នកជំងឺបានចំនួន ២១២គ្រែ។
ជាមួយគ្នានេះដែរ អាគារផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពវេជ្ជសាស្ត្រថតកាំរស្មី រួមទាំងសាលអាគារចំនួន៦ និងបន្ទប់ប្រពោធនកម្មមួយចំនួនផ្សេងទៀត នឹងត្រូវបានសាងសង់ ជួសជុលនិងកែលម្អឡើងវិញដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំវេជ្ជសាស្ត្រផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)