ភ្នំពេញ៖ សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា ដែលបច្ចុប្បន្នមានប្រមាណ ៩០% បានរួមចំណែកជិត ៦០% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% នៃកម្លាំងពលកម្ម។ បើតាមសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ ឆ្នាំ២០២១ ស្ដីពី «បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា»។
សន្និសីទខាងលើធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោកស្រី Alissar Chaker តំណាងយូអិនឌីភីប្រចាំកម្ពុជា (UNDP Cambodia)។
សន្និសីទនេះ ក៏មានការចូលរួមពិភាក្សា និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទខាងលើ ពីសំណាក់វាគ្មិនដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវដែលមានបទពិសោធន៍ ជាច្រើនរូបផងដែរ។
នៅក្នុងវិបត្តិជំងឺកូវីដ-១៩ សហគ្រាសធុនតូចនិងមធ្យមបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បន្ថែមលើបញ្ហាប្រឈមដែលមានស្រាប់ ដូចជាតម្រូវការលើផលិតផលនិងប្រាក់ចំណេញ ការខ្វះដើមទុន ការខ្វះបុគ្គលិកដែលមានជំនាញច្បាស់លាស់ និងលទ្ធភាពទទួលបានព័ត៌មានទីផ្សារ ឥណទាន និងបច្ចេកវិទ្យានៅមានកម្រិត។ល។ បើតាមអង្គសន្និសីទ បញ្ជាក់ថា យ៉ាងណា វិបត្តិសុខភាពនេះបានលើកទឹកចិត្តឱ្យ SMEs ងាកទៅរកការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក ដើម្បីឱ្យស្របតាមការប្រែប្រួលនៃបច្ចេកវិទ្យា។
បើតាមអង្គសន្និសីទ បានបន្តថា ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនមានដូចជា ការលើកលែងពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ ការបង្កើត មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព មូលនិធិអភិវឌ្ឍន៍ជំនាញ កម្មវិធីសហហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យម សាជីវកម្មធានាឥណទានកម្ពុជា និងកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព ជាដើម។
សូមបញ្ជាក់ថា នៅកម្ពុជា សហគ្រាសធុនតូច និងមធ្យម មានប្រមាណ ៥០០,០០០សហគ្រាស សមមូលនឹង ៩៩.៨% នៃក្រុមហ៊ុនទាំងអស់ដែលបានផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប និងបានចូលរួមសេដ្ឋកិច្ចស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុក។ ភាគច្រើននៃសហគ្រាសទាំងនោះស្ថិតនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយ។
ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយនានាបាននឹងកំពុងបង្កើតគោលនយោបាយនិងកម្មវិធីដើម្បីគាំទ្រ អភិវឌ្ឍន៍ SMEs ក្នុងគោលបំណងលើកទឹកចិត្តក្នុងការចុះបញ្ជីផ្លូវការបង្កើតការងារ និងកំណើនប្រកបដោយចីរភាព។ ខណៈ ដែលកម្មវិធីនានាបានជួយបង្កើនចំនួនសហគ្រាសធុនតូចនិងមធ្យមមួយចំនួន តែការអនុវត្តជាក់ស្តែងជួបនូវបញ្ហាប្រឈមជាច្រើន និងរាំងស្ទះដល់ការីកចម្រើនរបស់ SMEs ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)