Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ៨ប៊ីលានដុល្លារ រយៈពេល ១១ខែ ឆ្នាំ២០២១

ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ទោះបីជាប្រទេសទាំងពីរ កម្ពុជា-វៀតណាម ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក្តី ប៉ុន្តែ ទំហំពាណិជ្ជកម្ម សម្រេចបានជាង ៨ប៊ីលានដុល្លារ។ បើតាមកិច្ចប្រជុំពិភាក្សាការងារ រវាង សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

កិច្ចប្រជុំពិភាក្សាការងារដែលធ្វើឡើងកាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងសណ្ឋាគារសូហ្វីតែល ភូគីត្រ នៅរាជធានីភ្នំពេញ សុខ សុភ័ក្ត្រ បានលើកឡើងថា នេះសបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អប្រសើរលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងភាគីទាំងពីរ ជាពិសេសផលិតផលកសិកម្ម និងកែច្នៃ។

បើតាមកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើកទ្បើងផងដែរអំពីសារៈសំខាន់នៃការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ដែលបានចរចាបញ្ចប់រួចហើយ និងត្រូវពន្លឿនការចុះហត្ថលេខានិងនីតិវិធីក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចទ្បើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ជាពិសេសជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។

ក្នុងនោះផងដែរ ភាគីទាំងពីរបានពិភាក្សានិងពិនិត្យលទ្ធភាពជំរុញផលិតផលមានសក្តានុពលរបស់កម្ពុជា នាំចូលទីផ្សារវៀតណាម តាមរយៈការផ្តល់នូវភាពអនុគ្រោះ និងកិច្ចសម្រួលពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរបានឯកភាពអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីបំពេញឱ្យការនាំចេញទៅវិញទៅមក។

បើតាមកិច្ចពិភាក្សានោះ ភាគីវៀតណាមបញ្ជាក់ នូវជំហរគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២ ដើម្បីពង្រឹងស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរនិងតំបន់អាស៊ាន។ ភាគីទាំងពីរបានឯកភាពបន្តធានាឱ្យបាននូវពាណិជ្ជកម្មបើកចំហ និងកិច្ចសម្រួលដល់លំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើយ៉ាងណាឱ្យលំហូរពាណិជ្ជកម្មអាចប្រព្រឹត្តទៅដោយរលូន។

ជាទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ប្រទេសវៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស ធំជាងគេនៅកម្ពុជា ដែលមានគម្រោងវិនិយោគសរុបជាង ១៨៨គម្រោង និងទុនវិនិយោគប្រមាណ ២.៨៥ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២២ខែធ្នូ។

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ប្រទេសវៀតណាម បានវិនិយោគគម្រោងចំនួន៤ នៅកម្ពុជា ដែលមានទុនវិនិយោគសរុប ៩០លានដុល្លារ កើនឡើង ៤.៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខវិនិយោគនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc នៅកម្ពុជា កាលពីដើមសប្តាហ៍នេះ។

ក្នុងរយៈពេល ១១ខែដូចគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា វៀតណាម មានទឹកប្រាក់ ៨.៦ប៊ីលានដុល្លារ កើនឡើង ៨៤%។ ការវិនិយោគដ៏ធំបំផុតមួយរបស់វៀតណាមនៅកម្ពុជាគឺ ក្រុមហ៊ុន Metfone ដែលជាបុត្រសម្ព័ន្ធរបស់ Viettel។ Metfone បច្ចុបន្នមានទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារ ហើយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធំមួយទៀតគឺ Thagrico ដែលបានបណ្តាក់ទុនចំនួន ៣៨៨លានដុល្លារ ដើម្បីដាំដើមដូងប្រេង ដើមកៅស៊ូ និងកសិដ្ឋានហូបផ្លែ នៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)