ភ្នំពេញ៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យ តេជោ សែន កោះធំ ដែលមានចំនួន អគារ៣ ទំហំសរុបស្មើនឹង ១២,៥៤៤.៤ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន ១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងសាងសង់អគារថ្មីរបស់មន្ទីរពេទ្យតេជោសែន កោះធំ ដោយមានការចូលរួមពីសមាជិកសមាជិកានៃគណៈកម្មការសាងសង់ និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ បើតាមការបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមក្រសួងបានបន្តទៀតថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន ៣ខ្នង ១-អគារមន្ទីរពេទ្យ ចំនួន ១ខ្នង មាន ៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ ជាន់ទី១ មានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០,៥៤៤.៤ម៉ែត្រការ៉េ។
២-អគារខាងឆ្វេង ចំនួន ១ខ្នង មាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ។
៣-អគារខាងស្តាំចំនួន ១ខ្នង មាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ។
បើតាមក្រសួង បានបញ្ជាក់ថា ក្រោយពីការសាងសង់រួច មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)