ភ្នំពេញ៖ អាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ៣០០លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗមានដូចជា៖ សុខាភិបាល អប់រំ កសិកកម្ម និងបរិស្ថាន រយៈពេល ៥ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ជំនួយឥតសំណងនេះ នឹងចុះហត្ថលេខទទួលក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២២។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ជំនួយឥតសំណងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារនេះ ជាកិច្ចព្រមព្រៀងស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដែលគ្រោងនឹងបញ្ចប់ការចរចារខាងមុខនេះ។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌ CDC។
បើតាមសេចក្ដីប្រកាសព័ត៌មាននេះបានបន្តទៀតថា គោលបំណងចម្បងនៃជំនួបនេះគឺ ដើម្បីសម្តែងការគួរសម និងធ្វើការណែនាំសមាសភាពប្រធានបេសកកម្មថ្មីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ព្រមទាំងពិភាក្សាលើអាទិភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេ្វភាគី ក៏ដូចជាផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធផ្សេងទៀត។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតបត្តិការអភិវឌ្ឍនទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមពៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥។ ជាមួយគ្នានេះ ភាគីទាំងពីរ នឹងជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-ចូលរវាងប្រទេសទាំងពីរ។
គូសបញ្ជាក់ថា កន្លងអាមេរិក បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងអភិបាលកិច្ច ហើយនិងអន្តរវិស័យ និងផ្តល់ថវិកាឥតសំណងប្រមាណ ១៥លានដុល្លារ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Johnson&Johnson ចំនួន ១,០៦លានដូស ដល់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)