ភ្នំពេញ៖ កម្ពុជា នឹងទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ១៣.៩លានដុល្លារ សម្រាប់ចូលរួមអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែធ្នូនេះ លោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ចុះហត្ថលេខាលើលិខិតប្តូរសារផ្ដល់ហិរញ្ញប្បទាននេះ។
ជំនួយនេះ ស្ថិតក្រោមកម្មវិធីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ហិរញ្ញប្បទានឥតសំណង ដោយថវិកានឹងត្រូវប្រើសម្រាប់បំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែល។
ក្រសួងបានបន្តថា ហិរញ្ញប្បទានឥតសំណងផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចប្រឹងប្រែងរបស់រាជដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃរវាងប្រទេសទាំងពីរ។
ទាក់ទងនឹងកំពង់ផែ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ធ្លាប់បានផ្ដល់ជំនួយ ១២លានដុល្លារ ជូនដល់កម្ពុជាសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
គម្រោងនេះ ចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការប្រព័ន្ធជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ខាង មុខនេះ។
សូមបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណ ច្រើនជាង ៦០លានដុល្លារ ដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។
ក្រៅពីផ្ដល់ជំនួយឥតសំណង ក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារ ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)