Register Already an agent ? Login

រយៈពេល១១ខែ CMAC រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំជិត ៩២លានម៉ែត្រក្រឡា គ្រាប់មីនគ្រប់ប្រភេទសរុបជាង ៨ម៉ឺនគ្រាប់

ភ្នំពេញ៖ រយៈពេល១១ខែ ពីខែមករា-វិច្ឆិកា​ ឆ្នាំ២០២១ មជ្ឈមណ្ឌលសកម្មភាពកំចាត់កម្ពុជា (CMAC) បានបើកកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន​និងចម្ការគ្រាប់សរុបទំហំ៩១,៩១៩,៩៧២ម៉ែត្រក្រឡា ស្មើនឹងជាង ៩២% នៃផែនការ​ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨២,១៣៨គ្រាប់។ បើតាមទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយក CMAC។

ទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា បានបន្តឱ្យដឹងថា ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៦,១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ ៣៩គ្រាប់ គ្រាប់បែកចង្កោម ៨,០៩០គ្រាប់ មីនច្នៃចំនួន ១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន ៥៧.៥៣១គ្រាប់។

នៅក្នុងរយៈពេល ១១ខែ ពីខែមករា-វិច្ឆិកា ឆ្នាំ២០២១នេះដែរ អង្គភាពសុីម៉ាក់និងបណ្តាញស្ម័គ្រចិត្ត​តាមភូមិឃុំស្រុកបាន​ចុះ​ធ្វើការ​ផ្សព្វ​ផ្សាយ​អប់រំ​ការយល់​ដឹង​ពីគ្រោះថ្នាក់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុម​គោល​ដៅ​​បាន​ចំនួនជាង១៦,០០០​ ​លើក ដោយចុះជួបតាមខ្នងផ្ទះមានចំនួនជាង​ ៦០០,០០០ខ្នងផ្ទះ ​មាន​ប្រជា​​​ពលរដ្ឋ​ចូលរួមសរុប​​ចំនួនជិត១លាននាក់។ បើតាមការបន្តនៅក្នុងទំព័រហ្វេសរបស់ លោក ហេង រតនា។

បើតាមប្រភពខាងលើបានបន្ថែមថា ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីននិងយុទ្ធ​ភណ្ឌ​មិនទាន់ផ្ទុះ ដែល​ប្រជា​ពល​រដ្ឋ​បាន​រាយការណ៍ និង​បាន​កម្ទេច​​ចោល​​គ្រាប់មីននិងយុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះគ្រប់ប្រភេទ​បាន​ចំនួន​ជិត១៥,៤០០គ្រាប់ ហើយនិង​អាវុធធុន​ស្រាលមួយចំនួនផងដែរ។

បើតាមប្រភពដដែលបានបន្ថែមថា សម្រាប់ផែនការឆ្នាំ២០២២ខាងមុខ​ អង្គភាព CMAC មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ១២៥គីឡូម៉ែត្រក្រឡា​ លើផែនការនេះ​កម្លាំងអង្គភាព CMAC បានទទួលការគាំទ្រពីគំរោងរបស់រាជរដ្ឋាភិបាល​ គម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុន។

ជាមួយគ្នា ក៏មានគម្រោងជំនួយតាមរយ:ដេញថ្លៃពី UNDP/អាជ្ញាធរមីន​ គម្រោងជំនួយរបស់រដ្ឋាភិបាលចិន​ គម្រោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស ​(NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក)​ គម្រោងជំនួយអង្គការ APOPO របស់រដ្ឋាភិបាលប៊ែលហ្សិក​ គម្រោងជំនួយរបស់អង្គការ JMAS និងគម្រោងជាមួយអង្គការ MAG​ សរុបមានចំនួន ២៥គម្រោង​ នឹងអាចមានលទ្ធភាពពង្រីកបន្ថែមដើម្បីសម្រេចមហិច្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)