ស្ទឹងត្រែង៖ ផ្លូវលំជនបទ ១ខ្សែ មានប្រវែង ១៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាផ្លូវតភ្ជាប់ពី ឃុំអូរម្រះ តភ្ជាប់ដល់ ឃុំសៀមបូក ស្រុកសៀមបូក (ជាប់ព្រំប្រទល់ខេត្តក្រចេះ) បានស្ថាបនារួចរាល់ជាប់ជាស្ថាពរ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។
នាឱកាសចុះពិនិត្យការដ្ឋានផ្លូវខាងលើ លោក ស្វាយ សំអ៊ាង បានថ្លែងថា នេះជាសមិទ្ធិផលដល់សំខាន់មួយទៀតហើយ ដែល ស្រុកសៀមបូក ទទួលបានជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារ។
លោក អភិបាលខេត្តស្ទឹងត្រែងបានថ្លែងបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួលទៅមក សាលារៀនផងដែល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)