ភ្នំពេញ៖ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនយានយន្ត ចំនួន ៧៩១,១៦៨គ្រឿង ដោយទទួលបានប្រាក់ពន្ធ ៣៨៥,៣៤៧.៨លានរៀល ស្មើនឹងប្រមាណ ៩៣លានដុល្លារ។ បើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ទិន្នន័យនេះ ស្មើនឹង១៧៤.២% នៃផែនការប្រចាំឆ្នាំ២០២១ កើនជិត ៨% ធៀបនឹងឆ្នាំ២០២០កន្លងទៅ»។
នៅក្នុងរបាយការណ៍របស់ អគ្គនាយកដ្ឋានពន្ធដារ បានបន្តឱ្យដឹងថា តាមទិន្នន័យខាងលើចំនួនយានយន្តដែលត្រូវប្រមូលពន្ធក្នុងឆ្នាំនេះបានកើន ៧២,០៦៧គ្រឿ ងដោយប្រាក់ពន្ធមានចំនួន ២៨,២៤៤.៣លានរៀល ស្មើជិត ៧លានដុល្លារ។
លោក ខឹម តុលា ប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានលើកឡើងកន្លងថា ចំនួនអ្នកបង់ពន្ធមធ្យោបាយដឹកជញ្ជូនបានកើនឡើងលើសផែនការនេះ ដោយសារតែការដាក់ឱ្យដំណើរការបង់តាម App GDT Taxpayer គួបផ្សំនឹងការអ្នកបង់ពន្ធមានការភ្ញាក់រលឹក។ លោករម្លឹកថា កាលពីឆ្នាំ២០២០ ចំនួនយានយន្ត ដែលទទួលរងការពិន័យមានប្រមាណ ៣ម៉ឺនគ្រឿង គិតជាប្រាក់ជិត ៣លានដុល្លារ។
គួបញ្ជាក់ ទោះបីមានការផាកពិន័យក៏ពិតមែន ប៉ុន្តែមានប្រភេទយានយន្តមួយចំនួនត្រូវបានលើកលែងការបង់ពន្ធផងដែររួមានដូចខាងក្រោម៖
រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ យានយន្តជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបានចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័ន យានយន្តជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា និងទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល រួមទាំងជលយានយន្តគ្រប់ប្រភេទមានកម្លាំងដល់ ១៥០សេសផងដែរ។
សញមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនឹង ផាកពិន័យដល់អ្នកដែលមិនទាន់បានបង់ពន្ធមធ្យោបាយដឹកជញ្ជូនទាំងអស់ ដោយមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធប្រភេទនេះ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ នគរបាលជាតិ និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យតាមដងផ្លូវជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)