ភ្នំពេញ៖ ចុងសប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២១ ភ្ញៀវទេសចរ បានដើរលម្សាន្តទៅគោលដៅទេសចរណ៍ ៨កន្លែងរួមមាន រាជធានីភ្នំពេញ ២៩,៧៩២នាក់ ខេត្តព្រះសីហនុ ៣១,៤៦៤នាក់ ខេត្តកំពត ១៧,៧៩៦នាក់ ខេត្តកែប ៦,៥៦៧នាក់ ខេត្តពោធិ៍សាត់ ២៣,៨៣៤នាក់ ខេត្តបាត់ដំបង ៨,៤១៣នាក់ ខេត្តសៀមរាប ១៦,១៦០នាក់ និងខេត្តមណ្ឌលគិរី ៦,៣៩៦នាក់ សរុប ១៨១,០២៤នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨នាក់។
លេខខាងលើ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានា ក៏ដោយ។ បើតាមការថ្លែងបញ្ជាក់ ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
លោក បានថ្លែងបន្តថា សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឱ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)