ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចុះហត្ថលេខាជាមួយ ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា លើកិច្ចសហប្រតិបត្តិការគម្រោង «ខេត្តកែបគ្មានគ្រាប់មីន» ចម្ការមីនចំនួន ៨ ដែលមានទំហំផ្ទៃក្រឡាសរុបជាង ៩០ហិកតា ហើយការចំណាយក្នុងការអនុវត្តគម្រោងនេះខ្ទង់ប្រមាណជិត ២០ម៉ឺនដុល្លារ។ បើតាមទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា។
នៅក្នុងទំព័រហ្វេសរបស់ លោក ហេង រតនា បានបញ្ជាក់ថា « កំលាំងស៊ីម៉ាក់អាចប្រើពេលវេលា ៤ខែសម្រាប់បញ្ចប់ការងារនៅខេត្តកែបនេះ ដែលក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេ»។ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដែលជំហានដំបូងនឹងត្រូវដាក់កម្លាំងស៊ីម៉ាក់ចំនួន ៣០នាក់ ដោយបែងចែកជា ៤ក្រុម ទៅកាន់ ៤ចម្ការមីន ក្នុងចំណោមចម្ការមីនចំនួន ៨ នៅក្នុងខេត្តកែប។
ប្រភពខាងលើបានបន្តថា កំលាំងស៊ីម៉ាក់មានមហិច្ឆតាបន្តភារកិច្ចបោសសំអាត តំបន់រងផលប៉ះពាល់គ្រាប់មីនឱ្យក្លាយ ជាខេត្តគ្មានគ្រាប់មីនសម្រាប់ខេត្តកំពត តាកែវ កំពង់ស្ពឺ ព្រះសីហុ និងខេត្តកោះកុង ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២តទៅ។
ប្រភពដដែលបានបន្តទៀតថា អង្គភាពស៊ីម៉ាក់បន្តខិតខំអនុវតតាមផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋភិបាល ដោយ សហការជាមួយអាជ្ញាធរមីននិងដៃគូអភិវឌ្ឍន៍ ដើម្បីព្រះរាជាណាចក្រ អស់ការគំរាមកំហែងដោយសារគ្រាប់មីន ប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥។
ហ្វេសប៊ុកអង្គការ NPA បានឱ្យដឹងថា ក្រោមជំនួយនៃប្រជាពលរដ្ឋន័រវេសអង្គការប្តេជ្ញាគាំទ្រជួយប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ដោយបច្ចុប្បន្នបាននិងកំពុងចាប់ផ្តើមជំហានដំបូងធ្វើការជាមួយអាជ្ញាធរមីន និងស៊ីម៉ាក់ដើម្បីធ្វើការកម្ចាត់មីនឱ្យអស់នៅខេត្តកែប។
ហ្វេសប៊ុកដដែលបានបន្តថា ថ្ងៃនេះយើងបានចាប់ផ្តើមជំហានដំបូងដោយធ្វើការជាមួយ អាជ្ញាធរមីន-Cambodian Mine Action Authority និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលជាអាជ្ញាធរនិងប្រតិបត្តិករជាតិនៃសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការចុះទស្សនកិច្ច ចម្ការមីនដែលសេសសល់ក្នុងខេត្តកែប ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងរៀបចំផែនការការងារដើម្បីឱ្យខេត្តកែបក្លាយជាខេត្តដែលគ្មានមីនដំបូងគេនៅប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងថា ដោយមានការអនុញ្ញាតពី សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរមីនបានទំនាក់ទំនងជាមួយសហគមន៍ផ្តល់ជំនួយមួយចំនួនដែលថ្មីៗនេះប្រទេសហុងគ្រីផ្តល់ជំនួយបោសសម្អាតបាន ១ចម្ការមីនក្នុងខេត្តកែប។
លោក បានថ្លែងបន្តថា យើងបានគោលការណ៍ពី សម្តេច ហ៊ុន សែន ឱ្យខិតខំរកធនធានដើម្បីទៅបញ្ចប់ខេត្តហ្នឹង។ អ៊ីចឹងយើងបានមកគ្រប់គ្រាន់ហើយ។ ឥឡូវយើងកំពុងពង្រាយកម្លាំងរបស់ស៊ីម៉ាក់ ដើម្បីបោសសម្អាតឱ្យបានចប់។ អ៊ីចឹងពេលយើងចប់យើងនឹងប្រកាសខេត្តហ្នឹងមុនគេជាខេត្តអត់មានមីន៕
ដោយ៖ មឿន ឌីណា (Meoun Dyna)