ភ្នំពេញ៖ តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស មានបរិមាណសរុបចំនួន ៧,១៣១ ៩១៥.០៤តោន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ទទួលបានចំណូល ៤,៤៣៥,៧៦៨,៩០៥ ដុល្លារ ដែលក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ៤៥៤,៤៨០,៨៦៦ដុល្លារ, ការនាំចេញស្រូវមានចំនួន ៥៤៦,៥៦៧,៣៥០ដុល្លារ, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២,៩៩០,៩២៧,១៣៥ដុល្លារ។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៃអគ្គនាយកដ្ឋានកសិកម្ម។
ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានបន្តឱ្យដឹងថា ការនាំផលិតផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧,១៣១,៩១៥.០៤តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣,៤៤៤,២៨៨.១៨តោន ស្មើនឹង ៨៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣,៦៨៧,៦២៦.៨៦តោន។
កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១-ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលមានចំនួន ៦០១,០៤៥តោន។ ការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន ៧២ ០១០តោន កើនឡើងចំនួន ៧ ២៧០តោន (១១,២៣%) បើធៀបនឹងខែវិចិ្ឆកា ឆ្នាំ២០២០ ដែលមានចំនួន ៦៤ ៧៤០តោន។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៨៩,៩១២តោន ស្មើនឹង ៧៣.២៧% អង្ករសគ្រប់ប្រភេទមានចំនួន ១៣២, ៦៧៥តោន ស្មើនឹង ២៤.៩៣% និងអង្ករចំហុយមានចំនួន ៩,៥៩២តោន ស្មើនឹង ១,៨០%។
បរិមាណអង្ក របាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១៣៤,៤៣៨តោន (ថយចុះចំនួន ៥៣,៩៩៨តោន ស្មើនឹង -២៨.៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៦៥,២៤៤តោន (កើនឡើងចំនួន ៣០,៣០៤តោន ស្មើនឹង ១២.៩០%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៥៤,៣៥០តោន(ថយចុះចំនួន ២៣,៨៥៨តោន ស្មើនឹង -៣០.៥១%) និងទិសដៅដទៃទៀតចំនួន ២៤ប្រទេស មានបរិមាណសរុប ៧៨,១៤៧តោន (ថយចុះចំនួន ២១,៣១៤តោន ស្មើនឹង -២១.៤៣%)។
ក្រុមហ៊ុន ដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៩៣,១៣១តោន (៧៣.៨៨%) និងក្រុមហ៊ុន ៥១ដទៃទៀតបាននាំចេញត្រឹមតែ ១៣៩,០៤៨តោន (២៦.១២%)។
២-ការនាំចេញស្រូវ មានចំនួន ៣,១២៣,២៤២តោន ក្នុងរយៈពេល ១១ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១,៩៨៦,០៨៥.០២តោន) ដែលមានការកើនឡើងចំនួន ១,៣៤៦, ១៣៥តោន (៧៥.៧៥%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១,៧៧៧,១០៧តោន។
៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤,៦១៣,៦៥១.០២តោន កើនឡើងចំនួន ១,៥២៧,០៦៩.១៦តោន ស្មើនឹង ៤៩.៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣,០៨៦,៥៨១.៨៦តោន ដែលក្នុងនោះរួមមាន៖
ចំណិតដំឡូងមីក្រៀមមានចំនួន ១,៤៣៨,១៧១.៦៨តោន (កើនឡើងចំនួន ៩.៥៤%), ដំឡូងមីស្រស់មានចំនួន ៨៨៧,៧២០តោន (កើនឡើងចំនួន ៣៣.៦៨%), ម៉្សៅដំឡូងមីមានចំនួន ៣០,៤៧១.៧៤តោន (កើនឡើងចំនួន ១១%), កាកសំណល់ដំឡូងមីមានចំនួន ៨,១៨៥តោន (ថយចុះចំនួន -៣៤.១៥%), គ្រាប់ស្វាយចន្ទីមានចំនួន ៩២១ ,០៦១.៤៧តោន (កើនឡើងចំនួន ៣២៨.៩៦%), គ្រាប់ពោតមានចំនួន ១៧៨,០៦៩.៣៤តោន (ថយចុះចំនួន -៨.៤៥%) គ្រាប់សណ្តែកបាយមានចំនួន ២៦,១៩២.៣៥តោន (កើនឡើងចំនួន ៣៣០.៨២%)។
ផ្លែចេកស្រស់មានចំនួន ៣៩៥,៨៦៣.៧៨តោន (កើនឡើងចំនួន ៣១.៨៨%), ផ្លែក្រូចថ្លុងមានចំនួន ៣៤, ៩១៨.៤៤តោន (កើនឡើងចំនួន ១១៩.៦១%), ផ្លែស្វាយស្រស់មានចំនួន ២២៦,៥៧៧.៧១តោន (កើនឡើងចំនួន ១៤៩.៥៣%), ដំណាប់ស្វាយមានចំនួន ១៦,៧៧៧.៨២តោន (កើនឡើងចំនួន ១៩១.៤៩%), ទឹកស៊ីរ៉ូស្វាយមានចំនួន ៤,៨៤៦.៦៣តោន (កើនឡើងចំនួន ៣៥.២៥%)។
ដូងប្រេងមានចំនួន ៥៥,៥១៦.៦៩តោន (កើនឡើងចំនួន ៥.៤០%), ម្រេចមានចំនួន ២៧,៧៣០.០៧តោន (កើនឡើងចំនួន ៤៥៦.៥៣%) ថ្នាំជក់មានចំនួន ៤,២៩៤.០៥តោន (ថយចុះចំនួន -២៤,៤២%), បន្លែចម្រុះមានចំនួន ៩៣.០៨តោន (ថយចុះចំនួន -៥.៧៤%) ម្ទេសស្រស់មានចំនួន ៨៩,៣៥៧.១២តោន (កើនឡើងចំនួន ៤៣.១៣%) ម្ទេសក្រៀមមានចំនួន ២,១៦០.២៣តោន (កើនឡើងចំនួន ២០.០១%)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)