Register Already an agent ? Login

រាជរដ្ឋាភិបាល មានគោលបំណងយុទ្ធសាស្រ្តសំខាន់ៗ ៣ នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥

សៀមរាប៖​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា គោលបំណងយុទ្ធសាស្រ្តដែលនឹងដាក់ចេញដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ មានចំនួន៣ ដែលបំពេញឱ្យគ្នាទៅវិញទៅមក រួមមាន ១-ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ២-ទេសចរណ៍វៃឆ្លាត ៣-ទេសចរណ៍ដែលមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានវប្បធម៌និងបរិស្ថានធម្មជាតិ

នៅក្នុងពិធីប្រកាសផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដែលជាតំណាង សម្តេច តេជោ ហ៊ុន សែន លោក ថោង ខុន បានថ្លែងបញ្ជាក់ទៀតថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើ ផែនការមេនេះមានគោលដៅយុទ្ធសាស្ត្រចំនួន៧។

បើតាម រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា គោលបំណងយុទ្ធសាស្ត្រទាំង៧ រួមមាន៖ ១.ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប ២.ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ៣.ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប ៤.ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប។

៥.ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប ៦.ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប ៧.ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយឈរលើអភិក្រមនៃការចូលរួម។

លោក រដ្ឋមន្រ្តីបានបញ្ជាក់ ដោយសង្កត់ធ្ងន់ថា «ជារួម ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលត្រូវបានរៀបចំឡើងដោយការធ្វើសុខដុមភាវូបនីយកម្មរវាងគ្រប់វិស័យពាក់ព័ន្ធ អមដោយយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃគ្រប់ជ្រុងជ្រោយលើរាល់សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ជាផែនទីចង្អុលផ្លូវសម្រាប់ដឹកនាំវិស័យសាធារណៈ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។

លោក ថោង ខុន បង្ហាញការរំពឹងទុកថា ផែនការមេនេះនឹងចូលរួមយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីទេសចរណ៍កម្ពុជា ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពលំដាប់ពិភពលោក ផ្តល់ភាពកក់ក្តៅដល់ទេសចរ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោក បានថ្លែងបន្ថែមថា ដោយក្នុងនោះខេត្តសៀមរាបត្រូវអភិវឌ្ឍន៍ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយ៖ មឿន ឌីណា (Moeun Dyna)