ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ជាង ១៤,៣ពាន់លានដុល្លារ បានកើន ១២,៨% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៣។ បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
កម្ពុជា បាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៤,៦២០លានដុល្លារ កើន ៨,៨៧% ខណៈ ការនាំចូលពីបណ្តាប្រទេសសមាជិកអាស៊ានចូលមកកាន់កម្ពុជាមានទឹកប្រាក់ ៩,៦៨៩លានដុល្លារ កើន ១៤,៨៥%។ បើតាមរបាយការណ៍ខាងលើ។
បើតាមរបាយការណ៍ដដែល ប្រទេសសមាជិកអាស៊ានដែលជាដៃគូពាណិជ្ជកម្មកំពូលទាំង៥ របស់កម្ពុជា រួមមាន ប្រទេស វៀតណាម បានឈរជាទីផ្សារឈរលំដាប់ទី១ នាំចូលទំនិញពីកម្ពុជាក្នុងទឹកប្រាក់ ៣ ២៨៩លានដុល្លារ, ថៃឈរលំដាប់ទី២ នាំចូលទំនិញពីកម្ពុជាក្នុងទឹកប្រាក់ចំនួន ៧៨០លានដុល្លារ។
សិង្ហបុរី នាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ១៦១លានដុល្លារ, ម៉ាឡេស៊ី នាំចូលទំនិញក្នុងទឹកប្រាក់ចំនួន ១២៨ លានដុល្លារ និងប្រទេសឥណ្ឌូនេស៊ី នាំចូលទំនិញពីកម្ពុជាចំនួន ៨៧លានដុល្លារ។ ជាមួយគ្នានេះ ប្រទេសព្រុយណេ ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា ក៏ជាដៃគូពាណិជ្ជកម្មសំខាន់ផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានចំនួន ៥០,៤៥ពាន់លានដុល្លារ កើន ១៥,៩៥% ក្នុងនោះ កម្ពុជានាំចេញសម្រេចបាន ២៤,៣៤ពាន់លានដុល្លារ កើន ១៤,៣៦% និងការនាំចូលមកវិញមានទឹកប្រាក់ ២៦,១០ពាន់លានដុល្លារ កើន ១៧,៤៨%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)