Register Already an agent ? Login

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

សៀមរាប៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្ងៃទី២០ ខែតុលានេះ បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន។ នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «ផែនការមេនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍខេត្តសៀមរាបទាំងមូល»។

លោក អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រនិងផែនការគន្លឹះទាំងនេះ កម្ពុជានឹងអាចស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាបនេះផ្ទាល់តែម្តង ព្រមទាំងអាចចាប់យកកាលានុវត្តភាពពីវិបត្តិនេះ ដើម្បីដាក់ចេញនូវការកែទម្រង់ស៊ីជម្រៅ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាពដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងឱ្យដឹងដែរថា ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងនៅក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំងក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិសម្រាប់ខេត្តសៀមរាប ខណៈបច្ចុប្បន្ន ការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។

ផែនការមេបានធ្វើការសិក្សា និងកំណត់នូវយុទ្ធសាស្ត្របង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប ប៉ុន្តែត្រូវគោរពតាមគោលការណ៍អភិរក្ស និងប្រើប្រាស់គុណសម្បត្តិវប្បធម៌ និងធម្មជាតិទាំងនេះឱ្យបានជាអតិបរមា។ បើតាមការថ្លែងបន្តរបស់ លោក ថោង ខុន។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងបន្តទៀតថា តាមរយៈការពង្រីកបន្ថែមនូវសកម្មភាព និងព្រឹត្តិការណ៍កម្សាន្តនានា ដើម្បីបង្កើនភាពពេញចិត្ត ភាពទាក់ទាញដល់ភ្ញៀវទេសចរ ឈានទៅបង្កើនរយៈពេលស្នាក់នៅ ក៏ដូចជាបង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងចាប់យកតម្លៃបន្ថែមពីវិស័យទេសចរណ៍ខ្ពស់ជាងមុន ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នេះ នឹងប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ហើយនិងមានភ្ញៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ បើតាមការបញ្ជាក់ របស់ លោក ថោង​ខុន។

គោលបំណងជាយុទ្ធសាស្រ្តនៃផែនការមេនេះ គឺត្រូវធ្វើយ៉ាងណាឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បង និងទាក់ទាញនៅក្នុងតំបន់ និងសកលលោក ដោយឈរលើមូលដ្ឋាននៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និងភាពជាខ្មែរ។ បើតាមការបញ្ជាក់បន្តទៀតរបស់ លោក ថោង ខុន បានបន្ថែមថា ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ខេត្តសៀមរាបគួររៀនសូត្រពីគំរូអនុវត្តល្អៗពីគ្រប់សម័យកាល ពិសេសសម័យអង្គរ ក៏ដូចជាការគិតគូរលើ «ភាពស្អាត បៃតង និងឆ្លាត» ក្នុងបរិការណ៍សម័យទំនើប និងដំណើរឆ្ពោះទៅការកសាងសេដ្ឋកិច្ចឌីជីថល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)