ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យមានគុណភាពរឹងមាំ។ បើតាមទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
ការថ្លែងខាងលើ របស់ លោក ស៊ុន ចាន់ នៅក្នុងជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដែលដឹកនាំដោយលោក Ted Oslus ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមអមដំណើរពីតំណាងមកពីក្រុមហ៊ុនចំនួន១៣ ដែលជាសមាជិករបស់ក្រុមប្រឹក្សា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
នៅក្នុងជំនួបខាងលើ លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ និងបានស្នើឱ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃវិនិយោគលើគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជា។
លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ដោយហេតុថាកន្លងមក មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួម ដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិលេខ៤ ដែលអាមេរិកបានសាងសង់កាលពីទសវត្សរ៍ឆ្នាំ៦០ ក៏ដោយ។
បើតាមជំនួបដដែល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក៏បានលើកឡើង អំពីវឌ្ឍនភាពការងារ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលជាគម្រោងផ្លូវធំៗត្រូវស្ថាបនាកែលម្អឡើងវិញ និងស្ពានថ្មីឆ្លងកាត់ទន្លេផងដែ។
បើតាម លោក រដ្ឋមន្រ្តីឱ្យដឹងថា ជាពិសេសគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) ពីពីរគន្លងទៅបួនគន្លង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ក្រចេះ) គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២។
ជាមួយគ្នានេះ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលកម្ពុជា បើកប្រទេសសារជាថ្មីឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ស៊ុន ចាន់ថុល និងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)