Register Already an agent ? Login

ក្រុមហ៊ុនរុករករ៉ែមាស នៅខេត្តមណ្ឌលគិរី ទាញយករ៉ែមាសបានចំនួន ៧៤៧គីឡូ រយៈពេល ៤ខែកន្លងមកនេះ

មណ្ឌលគិរី៖ គិតចាប់ពីថ្ងៃបើកដំណើរការ ការដ្ឋានលើកដំបូង នៅចុងខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៃប្រទេសអូស្រ្តាលី ទាញយករ៉ែមាសបានចំនួន ៧៤៧គីឡូ និងនាំចេញ ៥៥៥គីឡូ ទៅបន្សុទ្ធជាមាស ៩៩.៩៩ភាគរយ នៅប្រទេសអូស្រ្តាលី។ បើតាមការថ្លែងឱ្យដឹងពី លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។

ខេត្តមណ្ឌលគិរី មានធនធានរ៉ែជាច្រើនប្រភេទដូចជា៖ រ៉ែបុកស៊ីត រ៉ែមាស និងរ៉ែត្បូងជាដើម ដែលសុទ្ធសឹងតែជារ៉ែមានតម្លៃខ្ពស់ ដែលគេយកទៅច្នៃធ្វើជាគ្រឿងអលង្ការផ្សេងៗ។ បើតាមក្រសួងបរិស្ថាន បានបន្តថា ក្រៅពីការរុករករ៉ែមាសនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុន Renaissance Minerals ដដែលនេះ កំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈ នៅលើផ្ទៃដីជាង ១០៧គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់មេមត់ ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានសិក្សាអស់រយៈពេលជិត ១៤ឆ្នាំ នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដើម្បីរុករករ៉ែមាសនេះ ហើយនៅចុងខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យបើកដំណើរការចម្រាញ់រ៉ែមាសជាលើកដំបូងផងដែរ៕

ប្រភព៖ ថ្មីៗ

ដោយ៖ មឿន ឌីណា (Moeun Dyna)