Register Already an agent ? Login

តម្លៃលក់ និងជួលរបស់ខុនដូក្នុងត្រីមាសទី៣ ឆ្នាំ២០២១ បានបន្តធ្លាក់ចុះ ដោយវិបត្តិកូវីដ-១៩ ខណៈ ខុនដូជិត ១,៦០០ យូនីតបញ្ចប់ការសាងសង់

ភ្នំពេញ៖ ​តម្លៃ​លក់ និង​ជួល​របស់​ខុនដូ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ បាន​បន្តនៅតែ​ធ្លាក់ចុះ​ មូលហេតុ​ចម្បង​គឺ​បណ្តាលមកពី​វិបត្តិ​កូវីដ​-១៩ ដែល​ធ្វើឱ្យ​អត្រា​ប្រើប្រាស់​ធ្លាក់ចុះ​យ៉ាងច្រើន​ ក្នុងនោះ​តម្លៃ​លក់ ធ្លាក់ចុះ​ជា​មធ្យម​ចន្លោះ​ពី ១.៨-៣​ភាគរយ និង​តម្លៃ​ជួល ធ្លាក់​ពី ៥.៦-៧.៨​ភាគរយ​។ បើតាមរបាយការណ៍ CBRE Cambodia។

នៅក្នុងរបាយការណ៍ CBRE Cambodia ដែលបានចេញផ្សាយ​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ មាន​ខុនដូ​ចំនួន២ បានបញ្ចប់​ការសាងសង់​គឺ The Peak (​ជិត​កោះពេជ្រ​) និង The Gateway (​មហាវិថី​សហព័ន្ធរុស្ស៊ី​) ​ដោយ​គម្រោង​ទាំង២នេះ ​មាន​បន្ទប់​សរុប ១,៥៨៦​យូនីត​។ ចំនួន​នេះ​ស្មើនឹង​អត្រាកំណើន ៥.៦​ភាគរយ​​ បើ​ធៀប​ទៅនឹង​ចំនួន​យូនីត​កាលពី​ត្រីមាស​ទី​២ ឆ្នាំ​២០២១​។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា បច្ចុប្បន្ន ​ ទីផ្សារ​ខុនដូ​ត្រូវបាន​គេ​ចែកចេញ​ជា ៣ប្រភេទ គឺ​ខុនដូ​ប្រណីត​ (High-end) មានតម្លៃ​លក់​មធ្យម ២,៧៥០​ដុល្លារ​ក្នុង​ ១​ម៉ែត្រការ៉េ ប្រភេទ​មធ្យម​ (Mid-Range) ​មានតម្លៃ ២,០៥០ ដុល្លារ និង​ប្រភេទ​តម្លៃ​សមរម្យ (Affordable) មាន​តម្លៃ ១,៤៦០​ដុល្លារ​។ ចំណែក​តម្លៃ​ជួល​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ គឺ​ខុនដូ​ប្រណីត​មានតម្លៃ​មធ្យម ១១.៤​ដុល្លារ​ក្នុង​ ១​ម៉ែត្រការ៉េ​ សម្រាប់​រយៈពេល ១​ខែ និងប្រភេទ​មធ្យម ៩.៤​ដុល្លារ ហើយនិង​ប្រភេទ​តម្លៃ​សមរម្យ​មានតម្លៃ ៧.៩​ដុល្លារ​។

ដើម្បីឱ្យ​ទីផ្សារ និង​តម្លៃ​របស់​ខុនដូ​នៅ​កម្ពុជា​ហក់ឡើង​វិញ​គេ​ត្រូវការ​ពេល​យ៉ាងតិច​ ៦ខែ បន្ទាប់ពី​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ទូលំទូលាយ​ឡើងវិញ​។ បើតាមការលើកឡើងរបស់ អ្នកស្រី គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បានបន្តថា ដោយសារ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជាពឹងផ្អែក​ភាគច្រើន​លើ​អតិថិ​ជនបរទេស ហេតុនេះ​ការបិទ ឬ​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លង​ប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ បានធ្វើឱ្យ​ទីផ្សារ​មួយ​នេះ​ទទួល​រងផលប៉ះពាល់​យ៉ាងខ្លាំង​។

បើតាម អ្នកស្រី គឹម គិនកេសា បានលើកឡើងបន្តទៀតថា ការធ្លាក់ចុះ​អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ឧបសគ្គ​នៃ​ការធ្វើដំណើរ​បាន​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​វិបត្តិ​ជំងឺ​កូវីដ​-១៩មក​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)