Register Already an agent ? Login

មន្រ្តីក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំត្រៀមប្រគល់ ផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ទៅរដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដើម្បីត្រៀមប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុនាពេលខាងមុខនេះ។ បើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

លោក លី រស្មី បានមានប្រសាសន៍ បើកកិច្ចប្រជុំពិនិត្យមើលសមិទ្ធិផលដែលក្រុមហ៊ុន និងអង្គភាពនីមួយៗស្ថាបនាតាមនិតិវិធី ដើម្បីត្រៀមរៀបចំការប្រគល់ទទួលនូវសមិទ្ធិផលដែលបានស្ថាបនារួចរាល់ ថាតើយើងត្រូវធ្វើអ្វីខ្លះក្នុងការប្រគល់ទទួល និងផ្ទេរជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្ត ក្នុងការធានានិរន្តរភាពក្នុងការថែទាំប្រើប្រាស់បានយូរ។

លោក បានលើកឡើងបន្តថា ម្យ៉ាងទៀតការខិតខំស្ថាបនាផ្លូវរបស់ក្រុមហ៊ុន និងអង្គភាពនីមួយៗបានសហការគ្នា ដោយការទទួលខុសត្រូវ ដែលទទួលបានសមិទ្ធិផលល្អដូចថ្ងៃនេះ ពិសេសការវាយតម្លៃការស្ថាបនា ទោះបីជួបប្រទះការរីករាលដាលនៃបរិបទជំងឺកូវីដ-១៩ យើងនៅតែទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុទទួលបានជោគជ័យ ។

លោក អនុរដ្ឋលេខធិការ បានលើកឡើងបន្តទៀតថា យើងត្រូវបង្កើតក្រុមការងារចំនួន ៤ក្រុម ដែលមានក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងារនីមួយៗមានភារកិច្ចចុះបំពេញភារកិច្ចពិនិត្យកាងារស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់មានដូចជា៖

១.កំរាលផ្លូវ, ២.ប្រព័ន្ធលូទឹកភ្លៀង, ៣.លូទឹកកខ្វក់, ៤.ចិញ្ចើមផ្លូវ, ៥.ការងារក្រាលថ្មក្រានីត, ៦.បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ៧.ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ, ៨.លូចំហរ, ៩.បេតុងអ៊ុតកៅស៊ូ, ១០.គំនូសចរាចរណ៍, ១១.ការងារដាំដើមឈើលម្អផ្លូវជាដើម។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន និងអង្គភាពដែលបានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ស្របតាមបទដ្ឋានលក្ខណបច្ចេកទេស និងបន្តត្រួតពិនិត្យអំពីគុណភាពមុននឹងផ្ទេរមកឱ្យរដ្ឋបាលខេត្តព្រះសីហនុជាគ្រប់គ្រងវិញ។

លោក បញ្ជាក់ថា ព្រោះផ្លូវ ៣៤ខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលក្រុមហ៊ុន និងអង្គភាព ដែលបានស្ថាបនាបញ្ចប់ទាំងស្រុង។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានសំណូមពរឱ្យក្រុមការងារចុះពិនិត្យវាយតម្លៃនៃការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុន និងអង្គភាពទទួលកាស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ការជួសជុលឱ្យមានគុណភាព ១០០ភាគរយ។

លោក ជាវ វិជ្ជាក់ បានលើកឡើងបន្តថា ម្យ៉ាងវិញទៀតខេត្តព្រះសីហនុ និងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ខាងមុខនេះ ខេត្តព្រះសីហនុនឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិការអាស៊ាននៅខែមករា ឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ។

សូមរម្លឹកថា ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅជិត ៣០០លានដុល្លារ សាងសង់ផ្លូវធំតូចសរុបចំនួន ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ។ ផ្លូវទាំង ៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ​ធ្លាប់បាន​លើកឡើង​ថា ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ទី​២ ​របស់​ប្រទេស​កម្ពុជា ​ដោយ​ក្នុង​ក្រុង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើបៗ ដែល​អាច​ទាក់ទាញ​វិស័យ​ទេសចរណ៍​ និង​ក្លាយជា​ច្រក​បង្កើន​សេដ្ឋកិច្ច​ប្រទេស រដ្ឋាភិបាល​បាន​វិនិយោគ​ថវិកា​ ១០០​លាន​ដុល្លារ ​បន្ថែមទៀត ដើម្បី​សាងសង់​ផ្លូវ​ ១១​ខ្សែ​ទៀត​ នៅក្នុង​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ បន្ថែម​លើ​គម្រោង​ផ្លូវ​ ៣៤​ខ្សែ​ខាងលើនេះ​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ បានថ្លែងឱ្យដឹងថា រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឱ្យសាងសង់មានចំនួន ១,៥១៤អគារ មានក្រឡាផ្ទៃសរុប ១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារ៕

ដោយ៖ ដោយ៖ មឿន ឌីណា (Moeun Dyna)