ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧៥គម្រោង បានធ្លាក់ចុះ ៣០គម្រោង។ បើតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
និន្នាការសេដ្ឋកិច្ចសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តឱ្យដឹងថា លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណ ៥៧,០០០នាក់ ធ្លាក់ចុះ ៣២.៣ភាគរយ និងមានទុនវិនិយោគសរុប ១,១០៦លានដុល្លារ ធ្លាក់ ៥២.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
ការធ្លាក់ចុះគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺជាប់ទាក់ទងនឹងឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលបង្ខំឱ្យប្រទេសនីមួយៗរឹតបន្តឹង ឬបិទព្រំដែនសម្រាប់ការធ្វើដំណើរ។ បើតាមលើកឡើងរបស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានបន្តថា បន្ថែមលើនេះ ប្រទេសនីមួយៗសុទ្ធតែបានកំណត់ពីរយៈពេលនៃការធ្វើចត្តាឡីស័កយូរថ្ងៃដែលធ្វើឱ្យឱកាសនៃការចូលមកសិក្សាទីផ្សារ ទីតាំងវិនិយោគ និងបែបបទវិនិយោគត្រូវជាប់គាំង។
ទោះយ៉ាងណាសម្រាប់កម្ពុជា ដែលជាប្រទេសមានអត្រាអ្នកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បានច្រើនជាងគេក្នុងតំបន់ រំពឹងថានឹងអាចចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងពេលឆាប់ៗ។ បើតាមការលើកឡើងបន្តទៀតរបស់ លឹម ហេង បានបញ្ជាក់ «ការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញនឹងបើកឱកាសឱ្យវិនិយោគិនជាច្រើនធ្វើដំណើរមកកម្ពុជា»។
បើតាម លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ថែមថា កំណើននៃការដាក់ពាក្យស្នើសុំវិនិយោគ ក៏ដូចជាការអនុម័តរបស់អាជ្ញាធរនឹងមានសម្ទុះឡើងវិញ ពិសេសចាប់ពីដើមឆ្នាំ២០២២ ដែលពេលនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងលក្ខណៈតំបន់ក៏ត្រូវចូលជាធរមានផងដែរ។
បើតាមកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាថា ចាប់ពីមានវិបត្តិជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សញ្ញានៃការមកស្នើសុំវិនិយោគហាក់មិនមានសញ្ញាវិជ្ជមាននោះទេ ព្រោះកូវីដ-១៩ ធ្វើឱ្យកម្រិតនៃភាពជឿជាក់លើសុវត្ថិភាពផ្នែកសុខាភិបាលធ្លាក់ចុះ។
លោក បានបន្តថា ក្តីបារម្ភពីសុវត្ថិភាពផ្នែកសុខភាព និងភាពមិនច្បាស់លាស់នៃតម្រូវការទីផ្សារ ធ្វើឱ្យផែនការវិនិយោគជាច្រើនត្រូវពន្យារពេល។ ម្យ៉ាងទៀតភាពប្រទាញប្រទង់នៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំង ២ លើពិភពលោកក៏បានជះឥទ្ធិពលធ្វើឱ្យវិនិយោគិនមួយចំនួនមានភាពរារែកក្នុងការសម្រេចចិត្តទៅវិនិយោគនៅប្រទេស ឬទីតាំងណាមួយផងដែរ។
លោកបានបញ្ជាក់ តាមការសង្កេតវិស័យដែលកំពុងថមថយ ឬជាប់គាំងនៅពេលនេះនឹងមានកំណើនឡើងវិញក្នុងនោះរួមមានវិស័យទេសចរណ៍ ឧស្សាហកម្ម អចលនទ្រព្យ និងសំណង់ និងបច្ចេកវិទ្យា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)