ភ្នំពេញ៖ កម្ពុជា បាននាំចេញទំនិញរយៈពេល ៨ខែឆ្នាំ២០២១ ទទួលបានទឹកប្រាក់ប្រមាណ ១១,១០១លានដុល្លារ កើន ២០.៤ភាគរយ បើធៀបនឹងឆ្នាំ២០២០។ របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា កំណើននេះបានមកពីការនាំចេញកង់ គ្រឿងសង្ហារិមកៅស៊ូ ក្តារកុងប្លាកេ សូឡា ខ្សែភ្លើង គ្រឿងផ្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិក និងផលិតផលកសិផលជាដើម។
បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ដោយឡែកការនាំចូលទំនិញ (ដកមាស) មានទឹកប្រាក់ ១៤,៦ពាន់លានដុល្លារ កើន ២៦.៧ភាគរយ។ កំណើននៃការនាំចូលនេះ ដោយសារការកើនឡើងការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។
សេដ្ឋកិច្ចកម្ពុជា នៅតែបន្តទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗនៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ បើតាមការបន្តនៅក្នុងរបាយការណ៍របស់ក្រសួងដដែល។
ទោះក្នុងអំឡុងពេលកូវីដ-១៩ បន្តការរីករាលដាល ក៏ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមិនបានធ្លាក់ចុះនោះទេ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ការនាំចេញ និងនាំចូលរបស់កម្ពុជា សុទ្ធតែស្ថិតក្នុងរង្វង់កំណើនជាង ២០ភាគរយ ដូចគ្នានេះជាអត្រាកំណើនល្អ។
បើតាម លោក លឹម ហេង ដែល គេហទំព័រ propertyarea.asia បានស្រង់សំដី បានលើកឡើងបន្តទៀតថា ខ្ញុំនៅតែមានសុទិដ្ឋិនិយម សម្រាប់ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជាពិសេសកំណើននៃការនាំចេញផលិតផល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងជាមួយប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)