សៀមរាប៖ កម្ពុជា នឹងទទួលបានប្រាក់កម្ចីមានសំណងពីជប៉ុន ៥៨.២១លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី២។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
ក្រសួងការបរទេសបានបន្តឱ្យដឹងថា ក្រៅពីទឹកប្រាក់ដែលជប៉ុនផ្ដល់កម្ពុជាសំណងខាងលើ ក៏មានទឹកប្រាក់កម្ចីឥតមានសំណងប្រមាណ ១៦.៥១លានដុល្លារទៀត សម្រាប់ចំណាយលើសម្ភារបច្ចេកទេស បំពាក់នៅមន្ទីរពិសោធន៍ និងនៅស្ថាននីយវាស់វែងអចិន្ត្រៃយ៍ និងនៅក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តជាដើម។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក កាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
បើតាមក្រសួងបានបន្តថា ទឹកប្រាក់ខាងលើ ក៏ជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)