Register Already an agent ? Login

ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក នៅតែបន្តភាពរឹងមាំ ទោះបីក្នុងវិបត្តិជំងឺសកល កើនឡើងប្រមាណ ៣៧%

ភ្នំពេញ៖ គិតត្រឹមរយៈពេល៧ខែ ចុងខែកញ្ញា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួនជាង ៤ពាន់លានដុល្លារ កើនឡើងប្រមាណ ៣៧ភាគរយ បើប្រៀបធៀបរយៈពេល៧ខែ ដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបន្ត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ ដែលអាមេរិកគឺជាទីផ្សារធំរបស់កម្ពុជា។

នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ក្នុងអំទ្បុងពេលនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក។

បើតាមជំនួបខាងលើ ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តី ក៏បានរម្លឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលបានជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើន។

លោក ប៉ាន សូរស័ក្តិ បានបន្តទៀតថា កម្ពុជាបាននិងកំពុងប្រឹងប្រែងសហការជាមួយអង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) ក្នុងការសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត និងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរទ្បើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។

ជាមួយគ្នានោះ លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។

ក្នុងនោះផងដែរ លោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍នូវការដាក់ដំណើរការរោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ ដែលអាចផ្តល់ឱកាសជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ លោក ប៉ាន សូរស័ក្តិ ក៏បានសម្តែងការស្វាគមន៍ចំពោះការបើកការិយាល័យរបស់ក្រសួងកសិកម្មអាមេរិក (USDA) ប្រចាំកម្ពុជា ដែលអាចលើកកម្ពស់ផលិតភាពវិស័យកសិកម្មកម្ពុជា ហើយតាមរយៈនេះអាចបង្កើនកិច្ចសហប្រតិបត្តិពាណិជ្ជកម្មទាក់ទងនឹងកសិកម្មរវាងប្រទេសទាំងពីរ ផងដែរ៕

ដោយ៖  មឿន ឌីណា (Moeun Dyna)