ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជា ទទួលបានចំណូលចំនួន ៣,៤៨៩,៧៧៦,៩៩៩.០៥ដុល្លារ ពីការនាំចេញកសិផលទៅ ៦៨ប្រទេស បរិមាណសរុប ៥,៩៣២,៩២៣.៤៣តោន មានការកើនឡើងចំនួន ២,៧៨៥,២៣១.៥៧តោនស្មើនឹង ៨៨.៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣,១៤៧,៦៩១.៨៦តោន។ បើតាមរបាយការណ៍នៃលទ្ធផលនាំចេញកសិផលទៅក្រៅប្រទេសរបស់ អគ្គនាយកដ្ឋានកសិកម្មផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិដែល លោក វេង សាសុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ទទួលបាន។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៤៨៩ ៧៧៦ ៩៩៩,០៥ ដុល្លារ ដែលក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ៣៤៩,៩១៤,៦៩៦ដុល្លារ, ការនាំចេញស្រូវមានចំនួន ៤២៨,៩៥៤,៧១០ដុល្លារ, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២,៧១០,៩០៧,៥៩៣.០៥ ដុល្លារ។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម។
បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១-ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ៤១០,៦៩៨តោន មានការថយចុះចំនួន ៧៨,០៧៧តោន (-១៥.៩៧ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ដែលមានចំនួន ៤៨៨,៧៧៥តោន។
ការនាំចេញអង្ករក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៦៧,២៥១តោន កើនឡើងចំនួន ២៦,៦៧៩តោន (៦៥,៧៦ភាគរយ) បើធៀបនឹងខែកញ្ញា ឆ្នាំ២០២០ ដែលមានចំនួន ៤០ ៥៧២ តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៨៨,៨៣១តោន ស្មើនឹង ៧០.៣៣ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន ១១៤,៤៦៩តោន ស្មើនឹង ២៧.៨៧ភាគរយ និងអង្ករចំហុយមានចំនួន ៧,៣៩៨,តោន ស្មើនឹង ១.៨០ភាគរយ។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១០៤,២២២តោន (ថយចុះចំនួន ៥៧,៣៩២ តោន ស្មើនឹង -៣៥,៥១ភាគរយ) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣តោន ស្មើនឹង ១៨.២៦ភាគរយ) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤១,៤៧៦តោន(ថយចុះចំនួន ២៥,៩៥៧តោន ស្មើនឹង -៣៨.៤៩ភាគរយ) និងទិសដៅដទៃទៀតចំនួន ២៣ប្រទេស មានបរិមាណសរុប ៦១,៧២១តោន (ថយចុះចំនួន ២៦,១១១តោន ស្មើនឹង -២៩,៧៣ភាគរយ)
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៩៩,៥៣៣តោន (៧២,៩៤ភាគរយ) និងក្រុមហ៊ុន ៤៩ដទៃទៀតបាននាំចេញត្រឹមតែ ១១១,១៦៥តោន (២៧.០៦ភាគរយ)។
២-ការនាំចេញស្រូវ ការនាំចេញស្រូវមានចំនួន ២,៥២៣,២៦៣តោន ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១,៦២៧,៧៤០.០២តោន) ដែលមានការកើនឡើងចំនួន ១,១៣០,៩៥៧តោន (៨១.២៣ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១,៣៩២,៣០៦តោន។
៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣,៨៩៤,៤៨៥.៤១តោន កើនឡើងចំនួន ១,២៣៥,៥៦៨.៥៥តោន ស្មើនឹង ៤៦.៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២,៦៥៨,៩១៦.៨៦តោន ដែលក្នុងនោះរួមមាន៖
ចំណិតដំឡូងមីក្រៀមមានចំនួន ១,៣០៨,៩៤៣.១២តោន, ដំឡូងមីស្រស់មានចំនួន ៥៧៥,៩២០តោន, ម៉្សៅដំឡូងមីមានចំនួន ២២,៣៩៦.៧៤តោន, កាកសំណល់ដំឡូងមីមានចំនួន ៦,០៥១.៥០តោន, គ្រាប់ស្វាយចន្ទីមានចំនួន ៨៩២,៥៣៥.៧១តោន, គ្រាប់ពោតមានចំនួន ១៥៤,៤៥៩.៣៤តោន, គ្រាប់សណ្តែកបាយមានចំនួន ២៥,៣៣០តោន។
គ្រាប់សណ្តែកសៀងមានចំនួន ២៧,៩៦០.០៤តោន, ផ្លែចេកស្រស់មានចំនួន ៣៤៣,៨១២.៣៤តោន, ផ្លែក្រូចថ្លុងមានចំនួន ៣៤,៩១៨.៤៤តោន, ផ្លែស្វាយស្រស់មានចំនួន ១៧២,៨៤៦.៨៣តោន, ដំណាប់ស្វាយមានចំនួន ១៤,៤៦១.៧៨តោន, ទឹកស៊ីរ៉ូស្វាយមានចំនួន ៤,១៣០.៨២តោន, ដូងប្រេងមានចំនួន ៤៥,៧៩៦.៦៩តោន។
ម្រេចមានចំនួន ២៧,៣១៦.៧២តោន, ថ្នាំជក់មានចំនួន ២,៥១៤.០៥តោន, បន្លែចម្រុះមានចំនួន ៧៧.៥០តោន, ម្ទេសស្រស់មានចំនួន ៨០,៣២៧.១២តោន, ម្ទេសក្រៀមមានចំនួន ១,៧៤០.២៣តោន និងផលិតផលចំនួន ៧៤មុខ ផ្សេងទៀតមានចំនួន ១៥២,៩៤៦.៤៤តោន។
បើតាមរបាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៨.៤៨ភាគរយ ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧.៦៩ភាគរយ រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៥.៩៧ភាគរយ ដោយសារកម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង (យោងសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា)។
ដោយ៖ មឿន ឌីណា (Moeun Dyna)