ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់អាមេរិកមកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ បើតាមទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា លោក រដ្ឋមន្រ្តី ចង់ឃើញក្រុមហ៊ុនវិនិយោគរបស់អាមេរិក ផ្នែកស្ពានថ្នល់ ស្ថាបនាផ្លូវនៅកម្ពុជា ដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយ អាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញ អាមេរិកផ្ដល់ជំនួយបច្ចេកទេសជាសម្ភារបរិក្ខារសម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវផងដែរ។
ជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក រដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីការចុះអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួន ក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា។ ជាមួយគ្នា លោក បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។
នៅក្នុងជំនួបនេះដែរ លោក ស៊ុន ចាន់ថុល ក៏បានប្រាប់ទៅ ឯកអគ្គរដ្ឋទូតអាមេរិក អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ បើតាមការបន្តរបស់ក្រសួងដដែល។
បើតាមក្រសួងដដែលបានបន្ថែមថា ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ ប៉ុន្តែ បើតាមជំនួបនេះ លោក ទូត មិនបានថ្លែងថានឹងផ្ដល់ជំនួយសម្ភារ ឬជួយផ្នែកហេដ្ឋារចនាសម្ព័ន្ធណាមួយទេ លោក គ្រាន់តែបង្ហាញថាពង្រឹងបន្ថែមនូវចំណងកិច្ចសហការប៉ុណ្ណោះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)