កែប៖ ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ យុទ្ធសាស្ត្រទីផ្សារផ្សព្វផ្សាយទេសចរណ៍ខេត្តកែប មានការផ្សព្វផ្សាយអំពីកិត្តិនាមទេសចរណ៍សុវត្ថិភាព សុខភាព និងមានម្ហូបអាហារឆ្ងាញ់ «បើនឹកឃើញខេត្តកែប គឺមានកិត្តិនាមគោលដៅទេសចរណ៍សុវត្ថិភាព មានអាហារសមុទ្រឆ្ងាញ់ៗ ផ្ដល់សុខភាពល្អ» ជាដើម។ បើតាមការលើកឡើងរបស់ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥។
ការលើកឡើងខាងលើរបស់ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការនៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រ។
លោក រដ្ឋមន្រ្តី បានថ្លែងថា តាមរយៈសេចក្ដីព្រាងផែនការមេនេះ គឺនឹងប្រែក្លាយទៅគោលដៅទេសចរណ៍ផ្ទះទី២ ទេសចរណ៍វ័យចំណាស់។ លោកថា ប្រជាជនបារាំង ជប៉ុន ចិន ដែលសម្បូរទៅដល់កំណើនមនុស្សចាស់ច្រើននោះ ក៏បានស្វែងរកគោលដៅទេសចរណ៍សុខមាលភាពផងដែរ ដូច្នេះខេត្តកែបត្រូវមានយុទ្ធសាស្ត្រទាក់ទាញទេសចរទាំងនេះ។
នៅក្នុងកិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក នី ផល្លី បានថ្លែងឱ្យដឹងថា ក្នុងការសិក្សារៀបចំផែនការមេនេះ ក្រុមការងារអន្តរក្រសួង ក៏បានសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងទេសចរណ៍របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម។
លោក នី ផល្លី ប្រធានលេខាធិការនៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប ក៏បានបង្ហាញគម្រោងការទាក់ទាញផលិតកម្មភាពយន្ត ក្រុមផលិតករល្បីៗមកចូលរួមថតភាពយន្ត ថតវីដេអូកម្សាន្ត ថត Pre-Wedding ជាដើម។ លោក បញ្ជាក់ «បើទាញបានផលិតកម្មល្បីមួយ គឺជាជោគជ័យមួយក្នុងការផ្សព្វផ្សព្វ»។
ក្នុងបរិបទវិបត្តិកូវីដ-១៩នេះ កម្ពុជា មិនអាចយកគោលដៅតែមួយទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ ពោល គឺចាំបាច់ទាមទារឱ្យមានការរៀបចំគោលដៅជិតៗគ្នាជាគោលដៅរួមតែមួយ តួយ៉ាងដូចជាតំបន់ឆ្នេរសមុទ្រដែលមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះជាដើម។ បើតាមទឡ្ហីករណ៍របស់ លោក នី ផល្លី។
ត្រង់ចំណុចនេះ លោក ថោង ខុន ក៏បានបញ្ជាក់ដែរថា «ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង»។
សូមបញ្ជាក់ថា នៅក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប គឺមានមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ចំនួន ៤ ក្នុងនោះរួមមាន៖ ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ ប៉ូលតំបន់ប្រជុំកោះ ថែមទាំងនឹងបង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀត។ សេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ ត្រូវបានបែងចែកជា ១២ជំពូក។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានកំណត់គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ខេត្តកែប ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)