Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបានជិត ៩០% នឹងបញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២១

កំពត៖ វឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤ភាគរយ និងការងារអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ បើតាមក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារ និងមន្ត្រីរាជការចុះត្រួតពិនិត្យសកម្មភាពសាងសង់ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ បើតាមការបន្តរបស់ក្រសួងទេសចរណ៍។

ក្រសួងបានបន្តថា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។

បើតាមក្រសួងទេសចរណ៍បានបន្តទៀតថា កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១លាននាក់។ កំពង់ផែនេះ មានរចនាសម្ព័ន្ធតាមស្តង់ដារអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ បើតាមការបន្ថែមរបស់ក្រសួងទេសចរណ៍។

បើតាមក្រសួងដដែលបានឱ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រង ដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

សូមបញ្ជក់ថា គម្រោងនេះសាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងស្រុកទឹកឈូដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកំពត។ គម្រោងនេះសាងសង់ឡើងក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ៨.៤៨លានដុល្លារ សាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្ម SBPH Engineering & Construction Co. Ltd ហើយស្ថិតក្រោមការត្រួតពិនិត្យ និងពិគ្រោះយោបល់របស់ក្រុមហ៊ុន SBK Research and Development Co. Ltd។

ដើមឡើយប្រាក់កម្ចីនេះមានជាង ៨លានដុល្លារ ហើយប្រាក់កម្ចីនោះត្រូវបានកើនឡើងដល់ ៩លានដុល្លារ ដើម្បីការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមដល់កំពង់ផែ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រក្នុងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ផងដែរ។

នៅពេលសាងសង់រួចរាល់ កំពង់ផែនេះ អាចនឹង​ផ្ទុកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០នាក់ និងធ្វើជាច្រកសម្រាប់នាវាទេសចរណ៍ដែលតភ្ជាប់ពីថៃនិងវៀតណាមទៅកំពត ក៏ដូចជាអាចធ្វើជាឧទាហរណ៍នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលជាកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់​មេគង្គ។

គួរបញ្ជាក់ផងដែរថា គម្រោងខាងលើរួមមាន៖ ១.អាគារអ្នកដំណើរមានកំពស់ពីរជាន់ ២.ផែចតកាណូត ៣.កំពង់សាឡង់៤.ម៉ារីនា ៥.អាងប្រព្រឹត្តកម្មទឹកកខ្វក់ ៦.បញ្ជរព័ត៌មានទេសចរណ៍ ៧.ផ្លូវជុំវិញកំពង់ផែ និងផ្លូវតភ្ជាប់ជាមួយផ្លូវខេត្ត ៨.បង្គន់អនាម័យសាធារណៈ ៩.ចំណតទោចក្រយានយន្ត ចំណតរថយន្ត ចំណតរថយន្តក្រុង ១០.អាគារស្នាក់នៅ អគារសន្តិសុខ ១១.កន្លែងទុកដាក់សម្រាម ១២.សួនច្បារ។ល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)