កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីរុក្ខាពិសិដ្ឋ លេខ១៣៣៤E ប្រវែង ៣.៥០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ បើតាមរដ្ឋបាលខេត្តកែប។
លោក សោម ពិសិដ្ឋបានថ្លែងបញ្ជាក់ឱ្យដឹងថា វិថីរុក្ខាពិសិដ្ឋ លេខ១៣៣៤E ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅផ្លូវជាតិលេខ៣៣A ជាផ្លូវដ៏សំខាន់របស់ខេត្ត ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនផលិតផល-កសិផលគ្រប់ប្រភេទ។
នៅក្នុងពិធីខាងលើ លោក សោម ពិសិដ្ឋ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល ដែលទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរពីតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក បានបន្តថា ហេតុនេះទើប សម្តេចតេជោ ហ៊ុន សែន ខិតខំជំរុញឱ្យមានការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីសំដៅប្រែក្លាយពីទីជនបទ តភ្ជាប់ទៅកាន់ទីប្រជុំជន។
នាឱកាសនោះ លោក អភិបាលខេត្តកែប ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុង ជាពិសេស ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារទាំងអស់ ក្នុងការសម្របសម្រួលដោះស្រាយផលប៉ះពាល់ និងឈានដល់ការអភិវឌ្ឃ គម្រោងទទួលបានជោគជ័យសម្រាប់ សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍សាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
បើតាម លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ដោយចាប់ពីពេលនេះ រហូតដល់ថ្ងៃបញ្ចប់នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវចាត់វិធានការរឹតបន្តឹងឡើងវិញនៅតាមគោលដៅដែលបានអនុវត្តកន្លងមក។
លោក សោម ពិសិដ្ឋ បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ក្រោយពីទទួលបានផ្លូវមួយខ្សែនេះហើយ សូមចូលរួមថែរក្សា ដាំដើមឈើ និងប្រើប្រាស់ផ្លូវនេះឱ្យមានប្រយោជន៍ ពិសេស នៅរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ បង្កឱ្យប៉ះពាល់អាយុជីវិត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)