Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជា បានវាយតម្លៃឡើងវិញថានឹងមានកំណើនក្នុងរង្វង់ ៥% ឆ្នាំ២០២២ ខណៈឆ្នាំ២០២១ ២.២%

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងងើបឡើងវិញក្នុងរង្វង់ ៥ភាគរយ ដោយសារការរំពឹងទុកការបន្តងើបឡើងវិញនៃតម្រូវការសាកល ការបន្តសក្ដានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការងើបឡើងវិញសន្សឹមៗនៃវិស័យគាំទ្រផ្សេងៗទៀត ព្រមទាំងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស​ «ផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»។ បើតាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ដោយ លោក Alasdair Scott។

នៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា តាម Zoom កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក Alasdair Scott ប្រធានក្រុមបេសកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងបន្តពីកាវាយតម្លៃឡើងវិញថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ នឹងមានកំណើនខ្ពស់ជាងមុនក្នុងរង្វង់ ២.២ភាគរយ។

លោក បានលើកឡើងបន្តទៀតថា កំណើនខ្ពស់ជាងមុននេះ គាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំតម្រូវការខាងក្រៅ ខណៈ វិស័យសំណង់ វិស័យអចលនទ្រព្យ និងស័យសណ្ឋាគារ ហើយនិងភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារ “ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ”។

បើតាមកិច្ច​ប្រជុំខាងលើ លោក Alasdair Scott ក៏បានលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយនាខែកក្កដាថា កំណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦.០ភាគរយ ក្នុងឆ្នាំ២០២១ និងក្នុងឆ្នាំ២០២២ ៤.៩ភាគរយ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍនឹងមានល្បឿនខុសគ្នា។

នៅក្នុងកិច្ចប្រជុំខាងលើ លោក អូន ព័ន្ធមុនិរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ការងារ Article IV និងបានកត់សម្គាល់ពីភាពប្រហាក់ប្រហែលគ្នានៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។

លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្ដល់ធាតុចូលមានសារៈសំខាន់ គាំទ្រដល់ការរៀបចំគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យកាន់តែប្រសើរឡើង បន្ថែមលើការគិតគូរប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងច្បាស់លាស់ពីរាជរដ្ឋាភិបាលលើការអនុវត្តគោលនយោបាយអន្តរាគមន៍រយៈពេលខ្លី និងរក្សាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងវែងជាដើម៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)