Register Already an agent ? Login

ផ្លូវជាតិ៤៨ ប្រវែង ១៥០គីឡូម៉ែត្រ នៅខេត្តកោះកុងនឹងចាប់ផ្ដើមសាងសង់កែលម្អនៅចុងឆ្នាំនេះ ដោយក្រុមហ៊ុនកូរ៉េ

កោះកុង៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ កែលម្អផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅទីរួមខេត្តកោះកុង ប្រវែងប្រមាណ​ ១៥០គីឡូម៉ែត្រ នឹងចាប់ផ្ដើមបើកការដ្ឋាននៅទីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក បានបន្តថា ផ្លូវនេះជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីកូរ៉េខាងត្បូង ប្រមាណ ៧៨លានដុល្លារ។

នៅក្នុងកម្មវិធី  "MPWT LIVE SHOW"  ដែលផ្សាយផ្ទាល់កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ដោយរម្លឹកថា ពីដើមផ្លូវនេះ ជាផ្លូវកៅស៊ូស្រទាប់ស្ដើងដែលបានប្រើប្រាក់កម្ចីពីប្រទេសថៃសម្រាប់ការសាងសង់ផ្លូវ ប៉ុន្តែស្ពាន ៤កន្លែង គឺជាជំនួយឥតសំណងរបស់មិត្តថៃ មាននៅអណ្ដូងទឹក ស្រែអំបិល ត្រពាំងរូង និងតាតៃ។

រដ្ឋមន្រ្តីក្រសួងសាធារណការ ដឹកជញ្ជូន បានថ្លែងបញ្ជាក់ទៀតថា «ផ្លូវជាតិលេខ៤៨ ត្រូវបានរៀបចំស្ដារលើកកម្ពស់គុណភាពផ្លូវឡើងវិញ ដោយក្រាលកៅស៊ូ AC ពង្រីក ៤កន្លែង ពី២គន្លងទៅ ៤គន្លង ប្រវែងប្រមាណ ២៥គីឡូម៉ែត្រ»។ លោក បានថ្លែងបន្តថា ខ្ញុំទើបចុះហត្ថលេខា កុងត្រាសាងសង់កាលពីពេលថ្មីៗនេះ ដូច្នេះបើកការដ្ឋានយើងមិនអាចបើក ពេលខែភ្លៀងនោះទេ អ៊ីចឹងប្រហែលជាចុងឆ្នាំនេះ យើងបើកការដ្ឋានជួសជុលផ្លូវ ស្តារផ្លូវលេខ៤៨នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។ ផ្លូវនេះ ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹ ងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ នឹងត្រូវអនុវត្តការសាងសង់ក្នុងរយៈពេល ៣២ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅដើមខែកក្កដា ឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)