Register Already an agent ? Login

ខេត្តកោះកុង នឹងមានមន្ទីរពេទ្យថ្នាក់ជាតិលើផ្ទៃដី ១០ហិកតា គ្រោងសាងសង់នៅខែក្រោយនេះហើយ

កោះកុង៖ គម្រោងសាងសង់មន្ទីរពេទ្យថ្នាក់ជាតិ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តកោះកុងលើផ្ទៃដី ១០ហិកតា ស្ថិតនៅក្នុងតំបន់ប្លុកដីឡូតិ៍លេខ១៨១ និង១៨២ ត្រង់ចំណុចថ្ម៣ដុំ ឃុំថ្មស និងឃុំតានូន ស្រុកបូទុមសាគរ នឹងបើកការដ្ឋាននៅដើមខែតុលា ឆ្នាំ២០២១នេះ។ បើតាមរដ្ឋបាលខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុងបានបន្តឱ្យដឹងថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងប្រធានមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការឈូសឆាយទីតាំងដី និងសិក្សាគម្រោង។

នេះជា​អំណោយ​ដ៏​ថ្លៃថ្លាមិនអាច​កាត់ថ្លៃ​បាន​តាមរយៈ​ការផ្តល់ជូន​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ខេត្ត​ភាគ​និរតី​នេះ​។ សមិទ្ធិផលហេដ្ឋានរចនាសម្ព័ន្ធបម្រើដល់វិស័យសុខាភិបាល ត្រូវបានរដ្ឋបាលខេត្តចាត់ទុកជាមោទកភាពមួយមិនធ្លាប់មាន។

ដូចគ្នានេះដែរ មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីមួយកន្លែងទៀត ក៏កំពុងសាងសង់នៅខេត្តព្រះសីហនុផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់។ មន្ទីរពេទ្យនេះ មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ-១៩» អគារថ្មីនេះកម្ពស់ ១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី។

 អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦គ្រែ សម្រាប់គ្រែ ១ជាន់ ឬអាចបានចំនួន ៧១២គ្រែ ប្រសិនប្រើគ្រែ ២ជាន់។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ នឹងបញ្ចប់ការសង់រយ:ពេល ៣ខែ នឹងត្រូវប្រើប្រាស់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ប៉ុណ្ណោះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងកិច្ចត្រួតពិនិត្យការដ្ឋានកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ ថា ក្រោយពីបញ្ចប់ជំងឺរាតត្បាតនៃកូវីដ-១៩ រដ្ឋបាលខេត្ត អាចកែសម្រួលអគារ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្តែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)