ភ្នំពេញ នៅក្នុងចំណោមរាជធានី-ខេត្ត ចលនាទេសចរដើរកម្សាន្ត រយៈពេល ៣ថ្ងៃ ពីថ្ងទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ រាជធានៅភ្នំពេញ នៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងវិបត្តិជំងឺសកល ដែលទទួលបានចលនាភ្ញៀវទេចរចំនួន ៣២,៧៩៣នាក់ ក្នុងចំណោមខេត្តទាំង៧ រួមមាន ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់។ បើតាមថ្លែងរបស់ លោក ថោងខុន ក្រសួងទេសចរណ៍ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
លោក ថោង ខុន បានថ្លែងបន្តឱ្យថឹងថា ភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០២,០៦៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០០,៥១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៥៥១នាក់។
លោក រដ្ឋមន្រ្តីថ្លែងបញ្ជាក់ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៣២,៧៩៣នាក់, ខេត្តកំពត ២៤,៣២៩នាក់, ខេត្តព្រះសីហនុ ៨,១៩៨នាក់, ខេត្តកែប ៦,៧៥០នាក់, ខេត្តកំពង់ស្ពឺ ៥,៦០៧នាក់, ខេត្តតាកែវ ៤,៥៩៨នាក់, ខេត្តមណ្ឌលគិរី ៤,២៦២នាក់, ខេត្តពោធិ៍សាត់ ៣,៦៣១នាក់។
លោក ថោង ខុន ថ្លែងបានបន្តទៀតថា តួលេខនេះបន្តកើនឡើងប្រមាណ ២៩.១៦ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកំពត និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងមានការបិទខ្ទប់។
តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរៀបចំជាចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ដើម្បីប្រគេនជូនព្រះសង្ឃនៅតាមបណ្តាវត្តទៅតាមប្រពៃណីកាន់ដោយរៀបចំព្រះសង្ឃ និងគណៈកម្មការវត្ត ចាំទទួលចង្ហាន់នៅត្រឹមខ្លោងទ្វារចូលវត្ត។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានបន្តដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាជាមួយម្ហូបអាហារដែលបានរៀបចំទុកជាស្រេច ដោយចុងសប្តាហ៍នេះ។ បើតាមថ្លែងបន្តទៀតរបស់ លោក ថោង ខុន។
លោក បានបន្ថែមទៀតថា នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តកាន់តែសកម្មនូវវិធានការ «៣កុំ និង ៣ការពារ» ពិសេសបានពាក់ម៉ាស់ជាប្រចាំ និងការជ្រើសរើសដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)