Register Already an agent ? Login

កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណប្រវែងជិត ៨៥គីឡូម៉ែត្រ បានសាងសង់រួចរាល់ហើយ

បាត់ដំបង៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤.៧៤គីឡូម៉ែត្រ សាងសង់បានសម្រេច ១០០ភាគរយហើយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យប្រគល់-ទទួលកំណាត់ផ្លូវនេះ ពីក្រុមហ៊ុនសាងសង់។

គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ នេះផងដែរ ត្រូវបានបែងចែកជាពីរកញ្ចប់ការងារគឺ៖ កញ្ចប់ការងារទី១ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦.២៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣.៩២គីឡូម៉ែត្រ)។

កញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma Joint Venture មានប្រវែង ៣៨.៤៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩.៣៤គីឡូម៉ែត្រ) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC & TANCONS ដែលត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ ចាប់ពីបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ បានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ៧១១០ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងប្រមាណ ៦០០០ដើម ដើម្បីបង្កើនសោភ័ណភាពបរិស្ថាន និងការពារដល់ព្រំដីចំណីផ្លូវ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) ក្នុងគម្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារ។

គួររម្លឹកផងដែរថា ការស្ថាបនាផ្លូវជាតិលេខ៥ ចែកជាបីផ្នែកធំៗ គឺផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះរួមមាន៖ ការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ប្រវែង ៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូ AC និងមានសួនច្បារកណ្តាល និងការសាងសង់ផ្លូវវាងក្រុងចំនួន ៥ខ្សែ ប្រវែង ៦២គីឡូម៉ែត្រ មាន ៤គន្លង ទទឹង ២៣ម៉ែត្រ និងមានសួនច្បារនៅកណ្តាល ព្រមទាំងមានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី សរុប ៨០កន្លែង។

ដើម្បីគ្រប់គ្រងចរាចរណ៍ ពិសេសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៥ ក្រោយបញ្ចប់ការស្ថាបនា ក្រសួងគ្រោងនឹងប្រើប្រាស់ គឺប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ។ ប្រព័ន្ធនេះគឺងាយស្រួល ដោយគ្រាន់តែជិះកាត់ ពួកគាត់នឹងដឹងពីទម្ងន់យានយន្តផ្លូវភ្លាមៗតែម្ដង។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក តូច ចាន់កុសល បានមានប្រសាសន៍ថា ផ្លូវ គឺមានសារៈសំខាន់ណាស់សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ពិសេស គឺវិស័យដឹកជញ្ជូននេះតែម្តង ដែលតម្លៃដឹកជញ្ជូននៅកម្ពុជា គឺថ្លៃជាងប្រទេសជិតខាង ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង រៀបចំកសាងផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងន័យកាត់បន្ថយតម្លៃដឹកជញ្ជូន ដើម្បីទាក់ទាញវិនិយោគចូលមកកម្ពុជា ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋយើង។

លោក តូច ចាន់កុសល បានមានប្រសាសន៍បន្តថា កំណាត់ផ្លូវជាតិលេខ៥ ដែលបានស្ថាបនារួចរាល់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ ក្រុមហ៊ុនម៉ៅការសាងសង់នឹងបន្តធ្វើការថែទាំរយៈពេលមួយឆ្នាំទៀត ចាប់ពីថ្ងៃប្រគល់-ទទួល និងស្នើសុំ អភិបាលខេត្តទាំងពីរបន្ត និងចាត់វិធានការការពារថែរក្សា និងគ្រប់គ្រងដីចំណីផ្លូវ ៦០ម៉ែត្រ ដែលរដ្ឋបានចំណាយថវិកាជាតិទិញពីប្រជាពលរដ្ឋ ទុកសម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅថ្ងៃមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)