Register Already an agent ? Login

ក្រសួងបរិស្ថាន គ្រប់គ្រងតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំ ៧.៣លានហិកតា ស្មើ ៤១% នៃផ្ទៃដីប្រទេស

ភ្នំពេញ៖ បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ៧.៣លានហិកតា ស្មើ ៤១ភាគរយ នៃផ្ទៃដីប្រទេស ដែលក្នុងនោះតំបន់ការពារធម្មជាតិមួយចំនួនបានអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ។ បច្ចុប្បន្ន រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយចំនួន បាននិងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។

សហគមន៍មូលដ្ឋាន បានទទួលប្រយោជន៍ពីការកម្សាន្តតាមតំបន់ធម្មជាតិ តាមរយៈចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ។

ប្រជាពលរដ្ឋមានជម្រើសថ្មីនៅពេលប្រទេសមានការរីកចម្រើន គឺពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោ សន្តិភាព ចូលព្រៃ គឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ធម្មជាតិ។ បើតាមការថ្លែងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

លោក បានថ្លែងបន្តថា ជាក់ស្តែង ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដូចជាខ្នងផ្សារនៅក្នុងខេត្តកំពង់ស្ពឺ តំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជូនភ្ញៀវ ជួយយួរអីវ៉ាន់ឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួលចំណូលរបស់ប្រជាពលរដ្ឋពីទេសចរណ៍ធម្មជាតិ។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។

«ម្យ៉ាងទៀតទេសចរណ៍ធម្មជាតិក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបង្កើនស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ»។ បើតាមការថ្លែងបញ្ជាក់ របស់ សាយ លោក សំអាល់ បានបន្ថែមថា គិតត្រឹមខែមីនា ឆ្នាំ២០២១ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៥កន្លែង ដែលនៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន។

លោក សាយ សំអាល់ បានថ្លែងបន្ថែមទៀតថា ក្រសួងបរិស្ថាន បានកំពុងខិតខំបន្ថែមទៀតលើកទឹកចិត្តឱ្យសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានជម្រើសថ្មីក្រៅពឹងពាក់លើព្រៃឈើ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ តាមរយៈការផ្តល់ការអប់រំកូនចៅរបស់ប្រជាពលរដ្ឋឱ្យសិក្សាបានខ្ពស់ ការផ្តល់ពូជសត្វចិញ្ចឹម ដូចជាជ្រូក គោ ក្របី ពពែ ចៀម ជាដើម និងបច្ចេកទេសលើការដាំដុះដំណាំបន្លែបង្កាផ្សេងៗនៅតាមសហគមន៍។

បើតាម លោក រដ្ឋមន្រ្តីក្រសួងបរិស្ថានថា នៅថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តតាមទីកន្លែងនានា ទោះបីជាផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាមក៏ដោយ តែប្រជាពលរដ្ឋនឹងអាចស្វែងយល់ពីតម្លៃធម្មជាតិនៅក្នុងប្រទេសកម្ពុជាតាមរយៈការទៅកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិ ក៏ដូចជានៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជា ដែលកំពុងបានការពារនឹងអភិរក្សបានយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍ ដែលរៀបចំបានល្អ ដើម្បីឱ្យបងប្អូនអាចស្គាល់ប្រទេសខ្លួនឯង និងបានស្គាល់រមណីយដ្ឋានធម្មជាតិរបស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា គឺជាសម្បត្តិទ្រព្យដែលដូនតាយើងបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ បានសិក្សាស្រាវជ្រាវ ចូលរួមការពារនិងអភិរក្សសម្រាប់ប្រយោជន៍កូនចៅខ្មែរតជំនាន់។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជា ដែលពីមុនមកមិនទាន់ស្គាល់មាតុភូមិដ៏ស្រស់បំព្រង និងមានមោទកភាព ដែលកម្ពុជាមានសម្បត្តិធម្មជាតិទាំងអស់នេះ កើតឡើងដោយសារ សន្តិភាព និងស្ថេរភាពនយោបាយ តាមរយៈនយោបាយឈ្នះឈ្នះនៃការបង្កើតនិងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង២០ឆ្នាំកន្លងមក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)