ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមភស្តុភារកម្មកម្ពុជា ដើម្បីពង្រឹងគុណភាពនៃការអប់រំបណ្ដុះ បណ្ដាលធនធានមនុស្សលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ការចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃ ភាពជាដៃគូរវាងវិទ្យាស្ថាន និងសមាគមឱ្យមានប្រសិទ្ធភាព ក៏ដូចជារួមគ្នាបង្កើតកម្មវិធីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីវិស័យភស្តុភារកម្ម ឱកាសការងារ សក្កានុពល និងសារសំខាន់នៃវិស័យនេះដល់សាធារណជន សិស្ស-និស្សិត ព្រមទាំងសកម្មភាពផ្សេងៗ ដែលផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។
នាយកវិទ្យាស្ថាន និងជាតំណាងភាគីហត្ថលេខីនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ហឿន សំនៀង បានថ្លែងបញ្ជាក់ ពីគោលបំណងរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានអត្តចរិត សីលធម៌ល្អ ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្មនាពេលបច្ចុប្បន្ន និងអនាគតសំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
លោក បានថ្លែងបន្តថា វិទ្យាស្ថានបានធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយនិងគ្រឹះស្ថានអប់រំ និងដៃគូទាំងនៅក្នុងប្រទេស និងក្រៅប្រទេស និងក្រុមហ៊ុនឯកជនក្នុងស្រុក ដើម្បីពង្រីកការគាំទ្រ និងផ្តល់ឱកាសបន្ថែមទៀត សំដៅពង្រឹងគុណភាពអប់រំដល់សិស្ស-និស្សិត និងសិក្ខាកាមរបស់វិទ្យាស្ថាន។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងភាគីហត្ថលេខីនៃសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន កម្ពុជានៅមានកង្វះខាតធនធានមនុស្សយ៉ាងច្រើនសម្រាប់បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្ម ដែលបញ្ហានេះតម្រូវឱ្យសមាគមបង្កើនកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះចាប់ពីថ្នាក់មូលដ្ឋានរហូតដល់កម្រិតមធ្យម ហើយសមាគមបាន និងកំពុងឈានមកដល់កម្រិតមួយដែលបណ្តាធុរកិច្ចជនក្នុងវិស័យភស្តុភារកម្មកំពុងតែត្រូវការជាចាំបាច់។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាឱកាសនេះ ភាគីទាំងពីរបានឯកភាពលើគោលការណ៍មួយចំនួនរួមមាន៖ សហការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់វគ្គខ្លី មធ្យម និងវែងលើមុខជំនាញភស្តុភារកម្មនិងជំនាញពាក់ព័ន្ធ ផ្លាស់ប្តូរសិស្ស-និស្សិត សិក្ខាកាម សាស្រ្តាចារ្យ និងបុគ្គលិក សហការសិក្សាស្រាវជ្រាវលើតម្រូវការនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្មវិធីសិក្សា រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងកម្មវិធីនានា រៀបចំទស្សនកិច្ចសិក្សា ការធ្វើ កម្មសិក្សា ការបំពេញការងារហាត់ការ និងឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនជាសមាជិក និង លើកកម្ពស់ការយល់ដឹងលើវិស័យភស្តុភារកម្មនៅកម្ពុជាផងដែរ។
បច្ចុប្បន្ននេះ និស្សិតជំនាន់ទី១ របស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនមានចំនួន ១៩១នាក់ បាននិងកំពុងសិក្សាតាមប្រព័ន្ធអនឡាញលើជំនាញចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ចំនួន ៣រួមមាន៖ ១. ដេប៉ាតឺម៉ង់សំណង់សាធារណការ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២.ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើមុខជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង ៣.ដេប៉ាតឺម៉ង់នាវាចរណ៍ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា៕
ដោយ៖ នឿន ឌីណា (Moeun Dyna)